អ្នកតាមដានស្ថានការណ៍នយោបាយ លោកបណ្ឌិត យង់ ពៅ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អំពាវនាវដល់អ្នកនយោបាយ ឈប់ភ្ជាប់កម្ពុជាទៅនឹងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ការអំពាវនាវនេះ ខណៈដែលអ្នកនយោបាយប្រឆាំង សារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន យកគម្រោងព្រែកជីកហ្វូណនតេជោ ភ្ជាប់នឹងបញ្ហានយោបាយ ភ្ជាប់នឹងក្របខណ្ឌភូមិសាស្ត្រ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន។
លោកបណ្ឌិត យង់ ពៅ សង្ឃឹមមុតមាំថា រាជរដ្ឋាភិបាលនឹងពុះពារកិច្ចការសាងសង់ព្រែកជីកហ្វូណន តេជោ ទាល់តែបាន ដើម្បីជាតិរឹងមាំ។ លោកបានគូសបញ្ជាក់ថា “ពេលដែលយើងរឹងមាំ នឹងគ្មានប្រទេសណាយកយើង (កម្ពុជា) ធ្វើជាឈ្នាន់ភូមិសាស្ត្រនយោបាយទៀតនោះទេ”។
កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ កាសែត The Straitstimes ដែលមានស្នាក់ការនៅប្រទេសសិង្ហបុរី បានចុះផ្សាយដោយដាក់ចំណងជើងថា៖ «វៀតណាមបារម្ភថា គម្រោងព្រែកជីកនៅកម្ពុជាអាចជាច្រកដ៏មានសក្តានុពលសម្រាប់យោធាចិន»។ អត្ថបទនោះបានដកស្រង់ការរៀបរាប់ពីអត្ថបទរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានគាំទ្រដោយរដ្ឋវៀតណាម ដែលបានព្រមានថា ព្រែកជីកគឺជាគម្រោង «មុខពីរ» ដែលទន្ទឹមនឹងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏អាចសម្រួលដល់វត្តមានយោធារបស់ចិនយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា ក្បែរតំបន់ជិតព្រំដែនជាមួយវៀតណាមផងដែរ។
ចំណែកលោក សម រង្ស៊ី និងអ្នកនយោបាយប្រឆាំងមួយចំនួន ក៏បានចោទប្រកាន់ដូចគ្នាជាមួយនឹងវៀតណាមថា ព្រែកជីកនេះ នឹងសម្រួលដល់ការដឹកសព្វាវុធចិនមកកាន់ប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងពេលថ្លែងសារពិសេសជុំវិញគម្រោងជីកព្រែកហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា បានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។ សម្តេតេជោ ហ៊ុន សែន ក៏ចាត់ទុកអ្នកដែលលើកឡើងថាព្រែកជីកហ្វូណនតេជោ នឹងត្រូវបានប្រើដើម្បីចល័តកងទ័ពជើងទឹក គឺខ្សោយយុទ្ធសាស្ត្រ មិនសមជាបញ្ញវន្ត ឬអ្នកស្រាវជ្រាវនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចឱ្យបញ្ឈប់នយោបាយប្រឆាំងចិន ដោយភ្ជាប់បញ្ហាព្រែកជីក ទៅជាមួយសន្តិសុខរបស់វៀតណាម ខណៈដែលកម្ពុជា មានទំនាក់ទំនងល្អជាមួយវៀតណាម វៀតណាម មានទំនាក់ទំនងល្អជាមួយចិន៕
អត្ថបទ៖ អក្ខរា