ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា រាល់ការប៉ុនប៉ងរបស់បណ្តាមជ្ឈដ្ឋានអគតិដែលចង់នាំ កម្ពុជាឱ្យវិលទៅរកអស្ថិរភាព និងសង្គ្រាមវិញសុទ្ធតែត្រូវបានបរាជ័យ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកក្នុងខេត្តក្រចេះ នៅថ្ងៃបើកយុទ្ធនាការនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។
ឯកឧត្តមបានថ្លែងថា រយៈពេល ៤៥ ឆ្នាំមកនេះ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, នៅលើកំណាត់ផ្លូវដ៏បត់បែន លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឱ្យឈានទៅមុខជាជំហានៗជម្នះរាល់ឧបសគ្គ បង្កើតបានសមិទ្ធផលធំៗជា ប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ។
ឯកឧត្តមបានគូសបញ្ជាក់ថា ជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងទៅ ដោយសារតែអំពើល្អរបស់មន្ត្រីបក្ស មានថ្នាក់ដឹកនាំបក្សដែលពោរពេញដោយទេពកោសល្យ និងគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយការទទួលខុសត្រូវ នៅជាប់នឹងប្រជាជន និងគណបក្សមានគោលនយោបាយដ៏ត្រឹមត្រូវ ជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការ និងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។
បើតាមឯកឧត្តម នេត្រ ភក្ត្រា ទាំងអតីតកាល បច្ចុប្បន្ន និងទៅអនាគត, គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់ដែលបានដឹកនាំការប្រយុទ្ធ ផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញ និងគ្មានគណបក្សណាមួយអាចមកជំនួស តួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបានឡើយ។ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕