សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្ដាំផ្ញើទៅប្រជាពលរដ្ឋ សូមចាប់អារម្ភលើឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។ កម្ពុជាមិនចាំបាច់យកវៀតណាមធ្វើជាសត្រូវ ហើយវៀតណាមក៏មិនចាំបាច់យកកម្ពុជាធ្វើជាសត្រូវដែរ។ ប៉ុន្ដែមានក្រុមប្រឆាំងជ្រុលនិយមដែលនៅតែបន្តលើកឡើងនូវរឿងព្រែកជីកហ្វូណនតេជោនេះ ទៅភ្ជាប់នឹងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់។សម្ដេចបានរម្លឹកថា ព្រះបាទអង្គឌួង បានគិតគូរពីការស្ថាបនា ព្រែកជីកនេះ តាំងពីឆ្នាំ ១៨៤០ មកម្ល៉េះ។ មានគេនិយាយថា បើធ្វើព្រែកជីកនេះ ចំណេញសួរថា កាលពីជាង ៤០ឆ្នាំមុន ហេតុអ្វីមិនធ្វើព្រែកជីកនេះ ។ សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជាក្រណាស់ មិនមែនកម្ពុជាមិនចង់ធ្វើនាពេលនោះទេ។
ជាថ្មីម្តងទៀត សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។ សម្តេចប្រធានព្រឹទ្ធសភា ក៏បានជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះតែម្ដង ដោយមិនត្រូវបង្អង់យូរនោះទេ៕