ស្របពេលដែល MV ចម្រៀង « ធីតា » របស់តារាចម្រៀង ព្រីន ចេញជាសាធារណៈ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៅលើតួស្រីក្នុងបទចម្រៀងនេះដែលសម្តែងដោយកញ្ញា សុគា គឹមលាង ហៅ កូនអាន់ ដែលជានាដការីរបាំបុរាណដ៏ល្បីឈ្មោះមួយរូប ។ ប៉ុន្តែមុននឹងសម្រេចចិត្តជ្រើសរើសតារាស្រីរូបនេះមកថតក្នុង MV ដ៏អស្ចារ្យនេះ លោក ព្រីន ក៏ទទួលបានការយល់ព្រមពីកញ្ញា រចនា រ៉ាវាឌី ផងដែរ ។
លោក ព្រីន និង កញ្ញា រចនា រ៉ាវាឌី ត្រូវបានមហាជនជាច្រើនប្រសិទ្ធនាមថាជាដៃគូសម្តែង និងជាគូស្នេហ៍ដែលសមគ្នាឥតទោស ជាពិសេសនាពេលចុងក្រោយនេះអ្នកទាំងពីរកាន់តែស្និទ្ធស្នាលនិងគ្នាឡើងបន្ទាប់ពីបានកាន់ការងារជាច្រើនរួមគ្នា ។
លោក ព្រីន តែងតែចាត់ទុកកញ្ញា រចនា រ៉ាវាឌី ជាមនុស្សស្រីដំបូងគេ មិនថា ថត MV ឬ ថតផ្សាយផលិតផលនានា …ដោយឡែកថ្មីៗនេះលោក ព្រីន បានចេញ MV ចម្រៀងថ្មីមួយដែលមានចំណងជើងថា « ធីតា » ដែល MV ចម្រៀងនេះកំពុងផ្ទុះ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន បន្ទាប់ពីមានវត្តមានកញ្ញា សុគា គឹមលាង ហៅ កូនអាន់ ដែលជានាដការីបុរាណដ៏ល្បីឈ្មោះបានចូលរួមសម្តែងនៅក្នង MV នេះ ។
ជុំវិញនៃការផ្លាស់ប្តូរតួអង្គសម្តែងនៅក្នុង MV ចម្រៀងនេះ ត្រូវបានលោក ព្រីន បញ្ជាក់ប្រាប់ថា កញ្ញា កូនអាន់ គឺសក្តិសមបំផុតនៅក្នុង MV ចម្រៀងមួយបទនេះ លោកពិតជាពេញចិត្តខ្លាំង បន្ទាប់ពីបានចេញ MV នេះជាផ្លូវការ ពីព្រោះវាពិតជាអស្ចារ្យលើសពីអ្វីដែលលោកបានរំពឹងទុក ។ ហើយលោកក៏មិនខ្លាច រចនា រ៉ាវាឌី ខឹង ដែលមិនជ្រើសរើសនាងសម្តែងនៅក្នុងបទចម្រៀងនេះដែរ ដោយសារលោកទទួលបានការណែនាំ ពី រចនា រ៉ាវាឌី នៅក្នុងការថតចម្រៀងនេះស្រាប់ ពួកយើងទាំងពីរគឺយល់ពីគ្នាគ្រប់រឿង ។
ពេលនេះលោក ព្រីន និង កញ្ញា រចនា រ៉ាវាឌី ឈប់ជ្រកកោណក្រោមផលិតកម្មភាពយន្តណាមួយហើយ អ្នកទាំងពីរគឺបានប្រកាសផ្អាកពីការងារសម្តែងដែរ ដើម្បីធ្វើការងារផ្សេងដែលខ្លួនស្រឡាញ់ ដូចជាការងារបង្កើតមាតិកា , ថតផលិតផល និង ធ្វើជា BA ជាដើម …ប៉ុន្តែនៅពេលដែលមានការងារសម្តែងណាមួយដែលប្លែក និងគួរឱ្យចាប់អារម្មណ៍ ទើបពួកគេសម្រេចចិត្តវិលត្រឡប់មកថតភាពយន្តឡើងវិញ ៕