សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភាបានអនុញ្ញាតឱ្យលោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុនពេលត្រូវចេញទៅបំពេញបេសកកម្មការទូត។
សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យរបស់លោកស្រី ទួត បញ្ញា ដែលបានបំពេញបេសកកម្មក្នុងវិស័យការទូត និងព័ត៌មានតាំងពីទសវត្សរ៍ឆ្នាំ៨០មក។ សម្តេចបានគូសបញ្ជាក់ថា ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនពីធម្មជាតិក្នុងការបំពេញបេសកកម្មការទូត ដូចជាភាពទន់ភ្លន់ និងការបន់បែនតាមសភាពការណ៍ ជាដើម។
សម្តេចរដ្ឋបញ្ជាក់បន្តថា នាពេលបច្ចុប្បន្នបេសកកម្មការទូតមិនមែនសំដៅលើការទូតនយោបាយតែមួយនោះទេ។ ការទូតបានកំពុងផ្តោតការយកចិត្តទុកដាក់លើច្រើនវិស័យផ្សេងៗទៀត មានដូចជាការទូតសេដ្ឋកិច្ច និងការទូតប្រជាជនជាដើម។ សម្តេចបានសង្កត់ធ្ងន់ថា ការទូតប្រជាជនគឺជាកត្តាសំខាន់ដែលធ្វើឱ្យប្រជាជន និងប្រជាជនស្គាល់គ្នា យោគយល់គ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ដែលឈានដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ លោកស្រី ទួត បញ្ញា គឺជាឥស្សរជនជាន់ខ្ពស់តំណាងឱ្យកម្ពុជានៅបរទេស ដែលមានតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិ។ ក្នុងខណៈដែលពិភពលោក មានស្ថានភាពប្រែប្រួលក្នុងបរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក មានការងារសំខាន់ៗជាច្រើនទៀតដែលនឹងត្រូវបំពេញ ដូចជាការងារនយោបាយការបរទេសជាដើម។ ម្យ៉ាងវិញទៀត ក្នុងកាលៈទេសៈបច្ចុប្បន្ន ការស្តារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញបានឆាប់រហ័ស ជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។
សម្តេចប្រធានរដ្ឋសភាបានផ្តល់ជាអនុសាសន៍មួយចំនួនដល់លោកស្រីឯកអគ្គរាជទូតថ្មីត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច។ ត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋយើងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការពង្រឹងទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយបងប្អូនពលរដ្ឋខ្មែរ ជាដើម។
នៅក្នុងឱកាសនោះ លោកស្រី ទួត បញ្ញា បានបេ្តជ្ញាចិត្តថានឹងខិតខំបំពេញបេសកកម្មការទូត ជាពិសេសការអនុវត្តតាមអនុសាសន៍ល្អៗរបស់សម្តេចប្រធានរដ្ឋសភាឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតដោយនាំមកនូវផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ស្របតាមការជឿទុកចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ៕