វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្តេជ្ញាជួយដល់យុវជន «រៀនចេះ រៀនចប់ មានការងារធ្វើ»  

ស្ថិតនៅក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទងនៃខេត្តកំពង់ស្ពឺ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាគ្រឹះស្ថានដ៏ធំមួយដែលកំពុងបណ្តុះ​បណ្តាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រហូតដល់១៩មុខជំនាញទៅ​ដល់​ប្រជាពលរដ្ឋ ជាពិសេសយុវជន​ដែល​មកពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈ «កម្មវិធីបណ្តុះ​បណ្តាល ​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលរាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​​អនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក​ ។

ស្របទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញពីជាង៤០០ក្រុមហ៊ុន រោងចក្រ​ សហគ្រាសទូទាំងខេត្តកំពង់ស្ពឺ​នាពេលបច្ចុប្បន្ននេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏បាននឹងកំពុងសម្រេចបាននូវការផលិតធនធាន​មនុស្ស​ប្រកប​ដោយជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលមានគុណភាពសម្រាប់ផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងនោះផងដែរ។  

នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ លោក កែម ជាក់នី បានបង្ហាញពីចក្ខុវិស័យថា គោលដៅ​ដែលវិទ្យាស្ថានចង់ផ្តល់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈនោះ គឺប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេស​យុវជន​ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យតែម្តង ពោលគឺផ្តល់ឱកាសដល់ អ្នកដែលបាន​បោះបង់​ការសិក្សា អ្នកពុំទាន់មានជំនាញច្បាស់លាស់​ និងអ្នកពុំទាន់មានការងារធ្វើ។ 

នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្តេជ្ញាថានឹងជួយដល់សិស្សទាំងអស់មិនត្រឹមតែទទួល​បាននូវ​ជំនាញពិតប្រាកដមួយប៉ុណ្ណោះទេ តែថែមទាំងជួយដល់សិស្សទទួលបានការងារ​ធ្វើក្រោយរៀនចប់​ទៀតផង ស្របទៅតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ  «រៀនចប់ រៀនចេះ មានការងារធ្វើ»។   ជាក់ស្តែង នៅក្នុងជំហានទី១ នៃការសិក្សា «កម្មវិធីបណ្តុះ​បណ្តាល ​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលមានសិស្សសរុបចំនួន ៤១៨នាក់ (ក្នុងនោះ សិស្សស្រីចំនួន ៦៣នាក់) បានបញ្ចប់ការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជំនាញ​ក្នុង​វិទ្យាស្ថាន​រយៈពេល​៤ខែ​រួចមកហើយ និងកំពុងចុះហាត់ការផ្ទាល់នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស មុននឹងចេញ​ប្រកប​ការងារ​ទៅតាមជំនាញរបស់ពួកគេ ដែលអាចទទួលបានប្រាក់ចំណូលចន្លោះពី ៣០០ដុល្លារ ដល់ជាង​៨០០ដុល្លារអាមេរិកក្នុងមួយខែ។  

យុវជន នេន ដា ជាសិស្សជំនាញជួសជុលរថយន្ត និងកំពុងហាត់ការលើជំនាញសិក្សារបស់ខ្លួន និយាយទាំងទឹកមុខញញឹម និងក្តីសង្ឃឹមថា៖ «ខ្ញុំប្តេជ្ញារៀនឲ្យចប់ ឲ្យចេះ​ និងមានការងារធ្វើ»។​ យុវជនរូនេះបានសម្តែងការពេញចិត្តជាខ្លាំងចំពោះការទទួលបានឱកាសសិក្សាលើជំនាញដែលខ្លួនស្រឡាញ់ ដោយមិន​មាន​ការបង់ថ្លៃ និងទទួលបានការយកចិត្តទុកជាខ្លាំងពីគ្រូបណ្តុះបណ្តាល​នៅវិទ្យាស្ថានពហុ​បច្ចេក​ទេស​ខេត្តកំពង់ស្ពឺ។ 

ទន្ទឹមនេះ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ សូមអំពាវនាវ និងលើកទឹកចិត្តដល់យុវជនផ្ទាល់ និង ក្រុមគ្រួសារ​ដែលមាន​កូនចៅពុំទាន់​មានចំណេះ​ជំនាញ​ណាមួយច្បាស់លាស់នោះទេ សូមជួយជម្រុញពួកគាត់​ឲ្យមកចុះឈ្មោះសិក្សាលើជំនាញណាមួយ ក្នុងចំណោម​ជំនាញ​ទាំង១៩ ដែលវិទ្យាស្ថានបានត្រៀមជាស្រេច​ក្នុងការបណ្តុះបណ្តាលដល់ពួកគាត់។ នេះជាឱកាសពិសេសណាស់ តាមរយៈ «កម្មវិធីបណ្តុះ​បណ្តាល ​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» របស់រាជរដ្ឋាភិបាល​នាពេលនេះ គឺយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនបង់ថ្លៃសិក្សានោះទេ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលពីរាជរដ្ឋាភិបាលថែមទៀត ចំណែកយុវជន និងពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៥ឆ្នាំដល់៦០ឆ្នាំ ក៏អាចចូលសិក្សាដោយមិនគិតថ្លៃនោះដែរ។ បន្ថែមពីនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏ផ្តល់ជូនកន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រ ខ្វះមធ្យោបាយធ្វើដំណើរ និងមានទីលំនៅឆ្ងាយទៀតផង។    

សូមបញ្ជាក់ថា មុខជំនាញទាំង១៩ ដែលវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្តល់ការបណ្តុះបណ្តាល​ក្នុង​ជំហាន​ទី២នេះ រួមមាន៖ ១. ការងារកំបោរ ២.​ ការដំឡើងបណ្តាញបំពង់ទឹក ៣. ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ៤. ការដំឡើងពុម្ភ ៥.​ ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ៦. ការផ្សារអគ្គិសនី ៧. ការថែទាំ និងជួសជុលរថយន្ត ៨.ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ៩.ការថែទាំនិងជួសជុលអគ្គិសនីរថយន្ត ១០. សេវាកម្មធនធានមនុស្ស ១១. សេវាកម្មកុំព្យូទ័រ ១២.សេវាកម្មអតិថិជន ១៣. ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ១៤.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ១៥.ធុរកិច្ចភេសជ្ជៈ ១៦.ការធ្វើម្ហូបខ្មែរ ១៧.ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត ១៨.ការចញ្ចឹម និងថែទាំត្រីប្រា ១៩.ការកែច្នៃបន្លែ និងផ្លែឈើ។