គិតមកដល់ពេលនេះ គឺមានរយៈពេល១ឆ្នាំហើយដែលលោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយកមន្រ្តីទាំងនៅក្នុងអាណត្តិសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងនៅក្នុងអាណត្តិរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ តើនៅក្នុងតំណែងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីរយៈពេល១ឆ្នាំមកនេះ លោក ព្រាប កុល បានធ្វើអ្វីខ្លះហើយសម្រាប់ជាតិ និងប្រជាពលដ្ឋកម្ពុជា?
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក ព្រាប កុល ទទួលបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួសម ដែលជាជំនួបផ្ទាល់ប្រកបដោយកិត្តិយសជាលើកដំបូងរបស់លោក ព្រាប កុល ជាមួយនឹងថ្នាក់ដឹកនាំកំពូល ដែលជាស្ថាបនិក និងជាបីតាសន្តិភាពសម្រាប់កម្ពុជា។ ក្រោយជំនួបដ៏មានតម្លៃនេះប្រមាណជា៣ម៉ោង ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងលោក ព្រាប កុល ជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលទទួលភារ:កិច្ចជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច ដែលកិច្ចការនេះ ត្រូវបានស្នើសុំឡើងដោយលោក ព្រាប កុល ផ្ទាល់ និងមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន។ នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោក ព្រាប កុល ត្រូវបានតែងតាំងឡើងវិញ និងត្រូវបានប្រគល់ភារកិច្ចបន្ថែម ដើម្បីជួយដល់កិច្ចការទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធទៅនឹងជំនាញ និងបទពិសោធន៍របស់លោកផ្ទាល់។
មិនបង្វង់យូឡើយ ក្រោយទទួលកាន់មុខតំណែងភ្លាម លោក ព្រាប កុល បានធ្វើការងារយ៉ាងសកម្មតាមរយ:ការទទួលជួបផ្លូវការ និងក្រៅផ្លូវការជាមួយភាគីជាច្រើន រួមមានអ្នកវិនិយោគបរទេស អគ្គរដ្ឋទូត និងអង្គរាជទូត ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សហគ្រិន និងពាណិជ្ជករខ្មែរ និងបរទេស ដែលកំពុងប្រកបរបរនៅកម្ពុជា និងបានធ្វើដំណើរទៅកៀរគរអ្នកវិនិយោគនៅក្រៅប្រទេសមួយចំនួន មានដូចជា នៅសិង្ហបូរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រទេសចិន ។ល។ និងបានជួបតាមប្រជុំតាមប្រពន្ធ័អ៊ីនធ័រណិតជាមួយអ្នកវិនិយោគនៅបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅប៉ែកអឺរ៉ុប អាហ្វ្រិក អារ៉ាប់។
នៅក្នុងការប្រាស្រ័យទាក់ទងទាំងនេះ លោក ព្រាប កុល តែងព្យាយាមរំលេចជូនដល់អ្នកវិនិយោគឲ្យឃើញនូវឱកាស និងកត្តាអំណោយផលនានា សម្រាប់ការដាក់ទុនវិនិយោគនៅកម្ពុជា រួមមាន សន្តិភាព និងស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជា ជាជំណុចប្រសព្វនៃប្រទេសក្នុងតំបន់ទន្លេមេគង្គ ដែលមានពលរដ្ឋរួមបញ្ចូលគ្នាមានចំនួនជាង ២៥០ លាននាក់ និងជាសមាជិករបស់អាស៊ានដែលមានពលរដ្ឋជាង ៦០០ លាននាក់ ទទួលបានការអនុគ្រោះពន្ធ មានច្បាប់វិនិយោគល្អ មានពលរដ្ឋវ័យក្មេងច្រើន (៦០% អាយុក្រោម ២៥ ឆ្នាំ) តម្លៃនៃកម្លាំងពលកម្មមានការប្រកួតប្រជែង មានហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ កំពង់ផែទឹកសមុទ្រ ផែទឹកទន្លេ ថាមពលអគ្គីសនី និងមានផែនការមេសម្រាប់កសាងបន្ថែមនូវប្រពន្ធដឹកជញ្ជូន ដើម្បីផ្តល់នូវផលប្រយោជន៍ដល់ផ្នែកភស្តភាកម្ម ធ្វើឲ្យថ្លៃដឹកជញ្ជូនថយចុះ និងមានការប្រកួតប្រជែង។ល។
នៅក្នុងផ្នែកមួយនៃការគៀករអ្នកវិនិយោគបរទេស លោក ព្រាប កុល ក៏បាន និងកំពុងខិតខំប្រឹងប្រែងរកដៃគូវិនិយោគលើផ្នែកឌីជីថល ក្នុងគោលបំណងជួយដល់យុវជនខ្មែរដែលកំពុងសិក្សារនៅសាកលវិទ្យាល័យ ដើម្បីលើកកម្ពស់សមត្ថភាព និងជំនាញផ្នែកឌីជីថល ដែលជាតម្រូវការចាំបាច់ក្នុងសម័យសាកលភាវូបនីយកម្មទំនើប និងដើម្បីរួមចំណែកសម្រេចឲ្យបាននូវចក្ខុវិស័យ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧។
ក្រៅពីជួយដល់កិច្ចការទំនាក់ទំនងអ្នកវិនិយោគបរទេស លោក ព្រាប កុល ក៏បានខិតខំធ្វើឲ្យប្រសើឡើងនូវទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ តាមរយ:ការជួបពិភាក្សា ស្តាប់យោបល់ និងកង្វល់របស់អង្គការសង្គមស៊ីវិលមួយចំនួន និងពាំនាំនូវគំនិតយោបល់ និងសំណូមពរទៅជូនប្រមុខរាជរដ្ឋាភិបាលតាមរយ:ការរាយការណ៍ដោយផ្ទាល់ទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ លោក ព្រាប កុល ក៏បាន និងកំពុងព្យាយាមចូលរួមចំណែកផ្តល់គំនិតយោបល់ និងអនុសាសន៍ដែលមានផលប្រយោជន៍សម្រាប់ការធ្វើកំណែទម្រង់រដ្ឋផងដែរ។
ជាការសន្និដ្ឋាន លោក ព្រាប កុល បាន និងកំពុងធ្វើកិច្ចការបម្រើដល់ផលប្រយោជន៍ជាតិ ដូចដែលលោកធ្លាប់បានប្តេជ្ញាចិត្ត និងជម្រាបប្រាប់សាធារណ:ជន ហើយអ្វីដែលលោកបាន និងកំពុងធ្វើនេះ គឺឆ្លុះបញ្ចាំងទស្សនៈដែលលោកធ្លាប់បានលើកឡើងថា “បើយើងមានឧត្តមគតិបម្រើជាតិ ទោះបីយើងស្ថិតនៅទីតាំងណាក៏យើងអាចបំពេញកាតព្វកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិបានដែរ” ៕