អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនម្នាក់ ដែលបង្ហោះសារញុះញង់ ប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់អ្នកដទៃ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួន ឈ្មោះ ភូ សុវណ្ណថា ដែលជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលពាក្យបណ្ដឹងរបស់ ឈ្មោះ ឌឹម សាវឿន និងបានស្រាវជ្រាវច្បាស់លាស់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាច សន្និដ្ឋានបានយ៉ាងច្បាស់ថា គឺឈ្មោះ ភូ សុវណ្ណថា ពិតជាអ្នកយករូបថតរបស់ឈ្មោះ ឌឹម សារឿន ទៅបង្ហោះជា សាធារណៈតាមបណ្តាញសង្គម Facebook ក្នុងគណនីរបស់ខ្លួនឈ្មោះ Phou Sovantha ដោយមានសរសេរនូវ ខ្លឹមសារក្នុងចេតនាញុះញង់បង្កឱ្យមានការរើសអើង ស្អប់ខ្ពើម គុំកួន ដល់លោក ឌឹម សារឿន។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ដើម្បីធានានូវសិទ្ធិស្របច្បាប់របស់បុគ្គល និងដើម្បីបង្ការបទល្មើសកុំឱ្យកើតឡើងជាថ្មី ព្រមទាំងដើម្បីកុំ ឱ្យមានភាពវឹកវរដែលនាំឱ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងភាពថ្លៃថ្នូររបស់បុគ្គល ដែលកើតចេញពីបទល្មើសដែលបានប្រព្រឹត្ត អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចឃាត់ខ្លួនជននេះ និងធ្វើការចោទប្រកាន់បញ្ចូនទៅចៅក្រមស៊ើបសួរចាត់ការតាមច្បាប់៕
អត្ថបទ៖ អក្ខរា