ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដើម្បីជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាបស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការជំរុញបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍភាពការងារនៅតំបន់អភិវឌ្ឍន៍ រុនតាឯក និងពាក់ស្នែង ខេត្តសៀមរាប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ រៀបចំឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នឹងជំរុញឱ្យមានការអភិវឌ្ឍ នៅក្នុងតំបន់រុនតាឯក និងពាក់ស្នែងឱ្យក្លាយជាទីក្រុងមួយ ដែលទាក់ទាញ ជាពិសេសមានការអភិវឌ្ឍលើវិស័យឧស្សាហកម្ម សេវាកម្មបង្កើតការងារជូនប្រជាពលរដ្ឋដោយមិនចាំបាច់ធ្វើដំណើរទៅរកការងារនៅទីក្រុងឬតំបន់ផ្សេងនោះទេ។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចកែប្រែតំបន់រុនតាឯកឱ្យក្លាយជា «ទីក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ជាផ្លូវការ ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។
ជាមួយគ្នានេះ ក្នុងការងារប្រែក្លាយនេះ ប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្ដល់សេវាចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង ឱ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិឋាន ដោយផ្ដោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យបានសមរម្យ បរិស្ថាន និងសេវាសាធារណៈ៕
អត្ថបទ៖ អក្ខរា