កម្ពុជា ខកចិត្តជាខ្លាំងចំពោះការយកកង្វល់ពីប្រទេសមួយចំនួនតូច មកវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សជារួមក្នុងប្រទេសកម្ពុជា

អ្នកនាំពាក្យរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការសោកស្តាយនិងខកចិត្ត ជាខ្លាំងចំពោះបណ្តាញសារព័ត៌មានមួយចំនួនតូច ដែលបានលើកយកការសម្តែងនូវកង្វល់របស់តំណាង ប្រទេសមួយចំនួនតូច ក្នុងកិច្ចប្រជុំនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា មកធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សជារួមក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យ របស់ គ.ស.ម.ក. មានភាពចាំបាច់ក្នុងការបកស្រាយបំភ្លឺដូចខាងក្រោម៖

១. យន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជាយន្តការមួយដែលមានគោលបំណង ចែករំលែកនូវការអនុវត្តល្អៗ បទពិសោធល្អៗ និងបញ្ហាប្រឈមផ្សេងៗ ឬជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យធ្វើឱ្យមានវឌ្ឍនភាពជាសកលលើវិស័យសិទ្ធិមនុស្ស ពោលគឺ មិនមែនជាវេទិកាសម្រាប់វាយប្រហារ រិះគន់ ដាក់សម្ពាធ ឬបន្ទុះបង្អាប់លើផ្នែកសិទ្ធិមនុស្សនោះទេ។

២. ក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចូលរួមពិនិត្យចំនួន ១០០ ក្នុងនោះមានប្រទេសចំនួន៧៧ បានកោតសរសើរកិច្ចខិតខំរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ហើយប្រទេសចំនួន២៣ ដែលបានបង្ហាញនូវកង្វល់លើបញ្ហាមួយចំនួន ដោយកង្វល់ទាំងនោះមិនមានមូលដ្ឋានច្បាស់លាស់ បង្កប់ចេតនានយោបាយ និងមិនយល់ ឬធ្វើមិនយល់ពីស្ថានភាពពិតជាក់ស្តែងក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមប្រទេស ២៣នោះ មានប្រទេសចំនួន១៣ ក៏មានការបង្ហាញនូវកង្វល់ផង និងកោតសរសើរប្រទេសកម្ពុជាផងដែរ។

ផ្ទុយទៅវិញ ប្រទេសដ៏ច្រើនលើសលុបដទៃទៀតសុទ្ធតែបានសម្តែងនូវការសាទរចំពោះសមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបាន និងបានផ្តល់ជាអនុសាសន៍ ជាការលើកទឹកចិត្ត ឱ្យកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ ការទទួលបានការសាទរពីប្រទេសដ៏ច្រើនបែបនេះ ជាភស្តុតាងមិនអាចប្រកែកបាន ដែលបង្ហាញថា ដំណើរនៃការដឹកនាំ និងកសាងប្រទេសកម្ពុជា កំពុងស្ថិតនៅលើផ្លូវមួយដ៏ត្រឹមត្រូវ ដែលអ្នកសារព័ត៌មានមិនគួរណាមើលរំលងឡើយ។ ជាក់ស្តែង ក្រោយវិបត្តិដែលបង្កដោយជំងឺកូវីដ-១៩ និងបញ្ហាសកលផ្សេងៗ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សជាលំដាប់ ដែលជាមូលដ្ឋានធានាបាននូវការអនុវត្ត និងប្រើប្រាស់សិទ្ធិសេរីភាពរបស់ពលរដ្ឋកាន់តែប្រសើរឡើង។

៣. អនុសាសន៍ទាំងអស់ដែលប្រទេសនានាផ្តល់មកឱ្យកម្ពុជា គឺកម្ពុជាក្នុងនាមជាសមជិកអង្គការសហប្រជាជាតិ ដែលជារដ្ឋអធិបតេយ្យមានសិទ្ធិពេញលេញក្នុងការសម្រេចថា តើអនុសាសន៍ណាត្រូវទទួលយកមកអនុវត្ត ហើយអនុសាសន៍ណាខ្លះត្រូវកត់សម្គាល់។ ម្យ៉ាងវិញទៀត ចំនួនអនុសាសន៍សរុប ដែលកម្ពុជាទទួលបានមានចំនួនតិចណាស់រៀបនឹងចំនួនអនុសាសន៍ដែលប្រទេសប្រជាធិបតេយ្យធំៗជាច្រើនទទួលបាននៅក្នុងយន្តការ UPR នេះ។

៤. ការផ្សព្វផ្សាយព័ត៌មាន ដោយលើកតែមួយជ្រុងណាមួយ និងការលើកឡើងតែពីអនុសាសន៍របស់ ប្រទេសមួយចំនួនតូច ដែលមានចរិតនយោបាយ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ គឺជាចេតនាទុច្ចរិត ដែលធ្វើឱ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាជនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ តួយ៉ាង នៅក្នុងអនុសាសន៍ទាំងអស់ដែលផ្តល់ដោយប្រទេសអូស្ត្រាលី ក៏បានកោតសរសើរពីវឌ្ឍនភាពនៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងស្នើឱ្យប្រទេសកម្ពុជា បន្តនូវវឌ្ឍនភាពជាវិជ្ជមាននេះ និងកោតសរសើរបស់ប្រទេសជប៉ុនមកលើប្រទេសកម្ពុជា ដែលបានបន្តអនុស្សរណៈយោគយល់គ្នាជាមួយ OHCHR នៅកម្ពុជា ព្រមទាំងវឌ្ឍនភាពលើការរាលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងក្រុមជនងាយរងគ្រោះ គឺមិនត្រូវបានលើកឡើងនៅក្នុងបទរាយការណ៍របស់អង្គភាពសារព័ត៌មានខ្លះ ដែលរិះគន់មកលើរាជរដ្ឋាភិបាលានោះទេ។

៥. ដើម្បីបានជាមូលដ្ឋានគ្រប់ជ្រុងជ្រោយ អ្នកសារព័ត៌មានគួរតែស្វែងយល់ពីយន្តការ UPR ឱ្យបាន ច្បាស់លាស់ និងតាមដាន ឬស្រាវជ្រាវពីដំណើរការនៃការពិនិត្យរបាយការណ៍ UPR របស់ប្រទេសប្រជាធិបតេយ្យធំៗ ថាតើនៅក្នុងវេទិការនោះ តំណាងប្រទេសដទៃទៀតបានលើកឡើងពីបញ្ហាអ្វីខ្លះពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសរបស់ពួកគាត់។

៦. កម្ពុជាស្វាគមន៍រាល់មតិរិះគន់ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋានទាំងអស់ តែការិះគន់ ឬការអត្ថាធិប្បាយ ទាំងឡាយណា ដែលបង្កប់ចេតនានយោបាយ ចង់បង្ខូចកិត្តិយស មិនឆ្លុះបញ្ចាំងពីភាពពិតរបស់ប្រប្រទេសកម្ពុជា ឬចង់បំផ្លាញសុខសន្តិភាពដែលបានមកដោយលំបាក និងផ្ទុយនឹងគោលការណ៍ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គឺកម្ពុជាមិនអាចទទួលយកបានឡើយ ហើយត្រូវតែចាត់រាល់វិធានការជាធរមាន ដើម្បីទប់ស្កាត់។

៧. អ្នកនាំពាក្យរបស់ គ.ស.ម.ក. ស្នើសុំអង្គភាព និងបណ្តាញសារព័ត៌មាន ធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ពោលគឺ ត្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបង្ហាញពីសុចរិតភាព អព្យាក្រឹត្យភាព និងការគោរពដល់សិទ្ធិទទួលព័ត៌មានរបស់សាធារណជន៕