សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលថ្មី។ សម្តេចបញ្ជាក់ថា ការធ្វើធុរកិច្ច អត់មានជាប់និន្នាការនយោបាយនោះឡើយ ការជំរុញធុរកិច្ច ងាយស្រួលជាងការទូត និងនយោបាយ ហើយនយោបាយទាក់ម៉ូយរបស់សម្តេចមិនមែនបានតែខ្យល់នោះទេ គឺបានលទ្ធផលជាក់ស្តែង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ ដែលមានទុនវិនិយោគសរុបជាង ២.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១៣០ពាន់កន្លែង។ នេះជាលទ្ធផលខិតខំប្រឹងប្រែងរយៈពេល ៨ខែមកនេះ។
បើតាមសម្តេចធិបតី នៅសប្តាហ៍ក្រោយសម្តេចនឹងអញ្ជើញទៅកូរ៉េ ហើយខែក្រោយទៅសិង្ហបុរី ដែលនឹងមានជំនួបច្រើនជាមួយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ច។ សម្តេចបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែល្អប្រសើរ តាមរយៈការកាន់បន្ថយការិយាធិបតេយ្យ និងផ្តល់សេវាឱ្យកាន់តែល្អប្រសើរ៕
អត្ថបទ៖ អក្ខរា