ប្រភពនានានិយាយថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងអំឡុងពេលធ្វើដំណើរទៅភូកេតកាលពីសប្តាហ៍មុន។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ជំនួបរវាងលោក ថាក់ស៊ីន និងលោក អាន់វ៉ា ត្រូវគេរំពឹងថាពិភាក្សា រឿងបង្របបង្រួមភាពចលាចលដ៏ខ្លាំងខ្លានៅភាគត្បូងថៃ-ម៉ាឡេស៊ី ព្រមទាំងការប្រយុទ្ធគ្នានៅប្រទេសមីយ៉ាន់ម៉ា។ លោកថាក់ស៊ីន ដែលជាមេដឹកនាំមិនផ្លូវការនៃគណបក្សភឿថៃដែលកំពុងកាន់អំណាចបានមកដល់ភូកេតនៅថ្ងៃទី២៩ ខែមេសា ហើយបានចាកចេញទៅវិញនៅថ្ងៃទី២ខែឧសភា។
លោកបានអះអាងថា ការធ្វើដំណើរនេះជាដំណើរកម្សាន្តលក្ខណៈឯកជន ប៉ុន្តែសំណួរត្រូវបានចោទឡើងអំពីគោលបំណងពិតប្រាកដរបស់លោកនិងថាតើបានរំលោភលើលក្ខខណ្ឌនៃការដោះលែងលោកឬអត់។
ប្រភពបាននិយាយថា ភាពចលាចលនៅភាគខាងត្បូងត្រូវបានគេជឿថាស្ថិតក្នុងចំណោមប្រធានបទដែលកំពុងពិភាក្សា ដោយសារតែលោក Anwar មានឆន្ទៈក្នុងការដើរតួជាអ្នកសម្រុះសម្រួលក្នុងកិច្ចចរចាសន្តិភាពរវាងប្រទេសថៃ និងក្រុមបះបោរភាគខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា ឡើងកាន់អំណាច។
ជាងនេះទៅទៀត សង្រ្គាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានពិភាក្សាក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Anwar ផងដែរ ដែលប្រភពបាននិយាយថា លោក Anwar ពីមុនបានជំរុញឱ្យប្រទេសថៃចូលរួមបន្ថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះនេះ៕
បកប្រែ៖ សន្យា