ក្រុមកីឡាករ បាល់ទាត់ ៤ ក្រុម តំណាងសម្តេចតេជោ ចុះយកថវិកាទី ២ ជូនដល់មន្ទីរពេទ្យព្យាបាលកុមារ​បេះដូងជប៉ុន ៣០ ម៉ឺនដុល្លារ ! 

ក្រុមកីឡាករ បាល់ទាត់ ៤ ក្រុម តំណាងសម្តេចតេជោ ហ៊ុន សែន បានចុះយកថវិកាទី ២ ជូនដល់មន្ទីរពេទ្យព្យាបាលកុមារបេះដូងជប៉ុន ចំនួន ៣០ ម៉ឺនដុល្លារ បន្ទាប់ពីបាននាំយកថវិកា ៥០ ម៉ឺនដុល្លារជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ។  

លោក ខេម ដែលជាមេក្រុមកីឡាបាល់ទាត់ Cambodia football super stars បានបញ្ជាក់នៅលើ ហ្វេសប៊ុករបស់លោកថា « ទឹកប្រាក់ (30ម៉ឺនដុល្លារ) របស់សប្បុរសជនតាមរយៈសម្ដេចតេជោហ៊ុន សែន ផ្ដល់ជូន ( មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន) តាមរយៈការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ « រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិក ចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា » ។ 

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ តារាកម្ពុជា (Cambodia football super stars ) , ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ , ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star ) បានប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិកចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា គឺរកបានថវិកាពីសប្បុរសជនប្រមាណ ជិត 5 លានដុល្លារ ។ 

លោក ខេម ព្រមទាំងក្រុមកីឡាបាល់ទាត់ទាំងអស់ បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចូលរួម​ជួយឧបត្តម្ភក្នុងព្រឹត្តិការណ៍បាល់ទាត់នេះឱ្យទទួលបានជោគជ័យគ្រប់ភារៈកិច្ច ។   ប្រកួតបាល់ទាត់សប្បុរសធម៌នេះផងដែរគឺទទួលបានការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ។  លោក ខេម បានបន្តទៀតថា លោកនិងក្រុមរបស់ខ្លួន នឹងព្យាយាមរកព្រឹត្តការណ៍ល្អៗជាច្រើនទៀតដើម្បីជួយស្វែងរកថវិកាជួយដល់មន្ទីរពេទ្យដែលខ្វះខាត និងជួបបញ្ហាប្រឈម ។ 

បន្ទាប់ពីឃើញរូបភាព និងសកម្មភាពរបស់ក្រុមបាល់ទាត់ទាំង ៤ ដែលបាននាំយកថវិកាទៅជូនដល់មន្ទីរពេទ្យនានា បានធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា ៕