កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ទទួលបានមេដាយមាស ក្នុងការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បង្ហាញមោទនភាពចំពោះកូនប្រុសពៅ ដែលទើបតែរៀនថ្នាក់មត្តេយ្យសិក្សា តែហ៊ានទៅប្រឡងគណិតវិទ្យាថ្នាក់ទី១ កម្រិតពិភពលោក ហេីយជាប់លេខ១ទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមផ្លូវការថា៖ “រិទ្ធិសិទ្ធិ ត្រូវបានអនុញ្ញាតអោយប្រលងវិញ្ញាសាថ្នាក់ទី១ (ទោះជានៅរៀនត្រឹមថ្នាក់មត្តេយ្យក៏ដោយ) ដោយសារគាត់ធ្លាប់បានទទួលមេដាយមាស ៤ដង ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធីប្រលងអន្តរជាតិ Caribou Contest ដែលជាកម្មវិធីប្រលងគណិតវិទ្យាថ្នាក់អន្តរជាតិតាមប្រព័ន្ធអនឡាញផងដែរ”។
សម្តេចធិបតី បានបន្ថែមថា៖ “នេះជាថ្នាំប៉ូវកម្លាំងដ៏ពិសេស និងស័ក្តសិទ្ធិសម្រាប់ប៉ា និងម៉ាក់”។
គូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី កាលពីឆ្នាំ២០០៦ ដោយលោកទាំងពីរមានកូនស្រីចំនួន ០២នាក់ និងកូនប្រុសម្នាក់ដែលជាកូនពៅ៕
អត្ថបទ៖ អក្ខរា