អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចេញប្រតិកម្មទៅនឹងការ ចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សាយបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវារបស់កងទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈការសំចតរបស់នាវាចិនពីរគ្រឿងនេះ គឺសម្រាប់ត្រៀមធ្វើសមយុទ្ធនាគមាសលើកទី៦ជាមួយកម្ពុជាតែប៉ុណ្ណោះ។ មិនមែនតាំងមូលដ្ឋានទ័ពរបស់ ចិនលើទឹកដីកម្ពុជាដូចការលើកឡើងរបស់សារព័ត៌មានដែលបម្រើឲ្យបរទេស និងក្រុមប្រឆាំងនោះឡើយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា «ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យរបស់ព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ (ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌)»។
ឯកឧត្តម នាយឧត្តមសេនីយ៍ឈុំ សុជាត បានបញ្ជាក់បន្ថែមទៀតថា«វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ។ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ»
ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពបរទេសនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងទៅដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត៕