វិដេអូចម្រៀងបទ « ទេវរាជ » របស់តារាចម្រៀងកូន ១ ទេព បូព្រឹក្ស នឹងចេញជាផ្លូវការនៅបំណាច់ខែ ឧសភា ខាងមុខ ។
ជួបជាមួយតារាចម្រៀង ទេព បូព្រឹក្ស នៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករ ខ្មែរ អណត្តិថ្មី កាលពីថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ថា វិដេអូចម្រៀង « ទេវរាជ » ដែលជាបានផលិតជាយូរមកហើយនោះ ត្រៀមនឹងចេញជាផ្លូវការនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ នេះហើយដោយនាងត្រៀមរៀបចំពិធីសម្ពោធនៅក្នុងសាលមហាស្រពកោះពេជ្រ ដែលធ្វើឱ្យផ្ទុះកក្រើកវិស័យសិល្បៈ ។
តារាចម្រៀង ទេព បូព្រឹក្ស ក៏បានរៀបរាប់ខ្លះៗពីបទចម្រៀង « ទេវរាជ » នោះថា បទចម្រៀងនេះ ប្រមូលផ្តុំនូវចំណុចសំខាន់ៗនៃប្រវត្តិសាស្រ្តទាំងបីសម័យកាលនៃយុគសម័យមាសត្រូវបានបង្គុំឲ្យចេញជារូបរាងនៅក្នុងអត្ថន័យនៃអត្ថបទចម្រៀងមួយបទដោយប្រសិទ្ធនាមថា “ទេវរាជ” ។ សំណេរនៃអត្ថបទចម្រៀង “ទេវរាជ” នេះបានរួមបញ្ចូលនូវការលើកស្ទួយ សម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្ត ទេវកថា កាលបរិច្ឆេទនៃសម័យកាលនីមួយៗ គាថា អថ័ន យ័ន្ត និងអក្សរសិល្ប៍ប្រតិស្ឋានពីអង្គអាទិទេពស្តេចនៃលោកហៅថា “អ ឧ ម” ដោយបានចំណាយនូវថេរវេលាយ៉ាងច្រើនដោយកម្លាំងញើសឈាម ។ សូមបង្កើតឱកាសមួយនេះ ជាការបំផុសគំនិតបង្កើតនូវវេទិកាសិល្បៈវប្បធម៌បុរាណ សម័យ សហសម័យ ដោយកំណត់បាននូវ “បុរាណមិនយឺត សម័យមិនបរទេស” ពោលគឺជារបស់ដែលយើងមានគំនិតបង្កើតឱ្យចេញជាចលនាសាច់ស្រស់ឈាមស្រស់ ពុំមែនជាការស្រមើស្រមៃនោះឡើយ ។
បន្ទាប់ពីឃើញតារាចម្រៀង ទេព បូព្រឹក្ស ប្រកាសនឹងចេញវិដេអូចម្រៀងនេះជាផ្លូវការ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរងចាំ និងចូលរូមគាំទ្រស្នាដៃរបស់នាងគ្រប់ៗគ្នា ។
តារាចម្រៀង ទេព បូព្រឹក្ស ហាក់មានការរំពឹងខ្លាំងនៅក្នុងការចេញវិដេអូចម្រៀង « ទេវរាជ » ជាផ្លូវការ ថានឹងមានអ្នកគាំទ្រច្រើន ហើយនាងក៏នឹងមានអ្វីពិសេសៗជាច្រើនទៀត ដើម្បីទាក់ចិត្តអ្នកគាំទ្រ ៕