ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពីថ្ងៃចន្ទបានយល់ព្រមលើសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា បន្ទាប់ពីមានការសម្របសម្រួល ប៉ុន្តែអ៊ីស្រាអែលបាននិយាយថា លក្ខខណ្ឌមិនឆ្លើយតបនឹងការទាមទាររបស់ខ្លួនហើយបានបន្តធ្វើវាយប្រហារនៅរ៉ាហ្វាជាថ្មី។
ការវិវឌ្ឍន៍នៅក្នុងសង្រ្គាមដែលអូសបន្លាយរយៈពេល ៧ខែបានកើតឡើងនៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានវាយលុកទីក្រុង Rafah នៅភាគខាងត្បូងរបស់ Gaza ពីអាកាស និងតាមផ្លូវគោក ហើយបានបញ្ជាឱ្យអ្នកស្រុកចាកចេញពីផ្នែកខ្លះនៃទីក្រុងដែលជាជម្រកសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនជាង ១លាននាក់។
ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ប្រមុខរបស់ខ្លួនគឺលោក Ismail Haniyeh បានជូនដំណឹងដល់ប្រទេសកាតា និងអ្នកសម្របសម្រួលអេហ្ស៊ីបថា «ក្រុមរបស់លោកបានទទួលយកសំណើសម្រាប់បទឈប់បាញ់»។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយដែរថា សំណើបទឈប់បាញ់បានធ្លាក់ចុះពីការទាមទាររបស់អ៊ីស្រាអែល ប៉ុន្តែអ៊ីស្រាអែលនឹងបញ្ជូនគណៈប្រតិភូទៅជួបជាមួយអ្នកចរចាដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយ។ ក្រសួងការបរទេសកាតា បាននិយាយថា គណៈប្រតិភូរបស់ខ្លួននឹងធ្វើដំណើរទៅកាន់ទីក្រុងគែរនៅថ្ងៃអង្គារ ដើម្បីបន្តការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក Netanyahu បានបន្ថែមថា គណៈរដ្ឋមន្ត្រីរបស់លោកបានយល់ព្រមបន្តប្រតិបត្តិការនៅ Rafah ។ សេចក្តីថ្លែងរបស់ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាលអែល ត្រូវបានរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោក Netanyahu កំពុងធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ដោយការទម្លាក់គ្រាប់បែកលើ Rafah ។
សូមជម្រាបថា សង្គ្រាមបានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងចាប់ពង្រត់ ២៥២នាក់ផ្សេងទៀត ដែលក្នុងនោះ ១៣៣នាក់ត្រូវបានគេជឿថា នៅតែជាប់ជាឈ្លើយសិកនៅក្នុងតំបន់ហ្គាហ្សា៕
បកប្រែ៖ សន្យា