ក្រុមហាម៉ាស កាលពីថ្ងៃចន្ទម្សិលមិញបានយល់ព្រមទទួលយកសំណើសម្រាប់បទឈប់បាញ់មួយនៅក្នុងសង្រ្គាមចាយពេល ជាង៧ខែមកនេះនៅតំបន់ហ្កាហ្សា ខណៈអ៉ីស្រាអែលបានបង្គាប់ជាថ្មីឱ្យប្រជាជនប៉ាឡេស្ទីនក្នុងទីក្រុង Rafah ជម្លៀសខ្លួនចេញ ចំពោះមុខការត្រៀមលក្ខណៈ វាយលុកចូលទីក្រុងស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាមួយនេះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយថា សមាជិកក្រុមហាម៉ាស លោក Khalil al-Hayya បានប្រាប់សារព័ត៌មាន Al Jazeera មានមូលដ្ឋានក្នុងប្រទេសកាតាថាសំណើត្រូវបានក្រុមហាម៉ាសយល់ព្រម ទទួលយក ក្នុងនោះរួមមានទាំងបទឈប់បាញ់ចែកចេញជា ៣ដំណាក់កាល។ លោកថា សំណើបទឈប់បាញ់ក៏មានរួមបញ្ចូលផងដែរការដកកងទ័ព អ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីន ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ភ្ជាប់ជាមួយបទបាញ់អចិន្ត្រៃយ៍មួយ។ ក៏ប៉ុន្តែ ក្នុងពេលដំណាលគ្នា យោធាអ៉ីស្រាអែលបានបង្គាប់ជាថ្មីឱ្យជនស៊ីវិលចាកចេញពីភាគខាងកើតនៃទីក្រុង Rafah ខណៈខ្លួនកំពុងត្រៀម លក្ខណៈបើក ការវាយលុកតាមជើងគោកចូលក្នុងទីក្រុងមួយនេះ ស្របពេលយោធាអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើគោលដៅច្រើន៥០ទីតាំង ក្នុងទីក្រុង Rafah កាលពីថ្ងៃចន្ទ។
ជុំវិញការទទួលយកសំណើបទឈប់បាញ់របស់ក្រុមហាម៉ាស ខាងការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលបាននិយាយថាសំណើនេះនៅឆ្ងាយពីការចង់បានរបស់អ៉ីស្រាអែល ប៉ុន្តែថារដ្ឋាភិបាលនឹងបញ្ជូនក្រុមអ្នកចរចាឱ្យទៅចូលរួមក្នុងកិច្ចចរចា។ ចំណែក អាមេរិកវិញ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៉ីស្រាអែល ក៏បានអះអាងដែរថាខ្លួនកំពុងសិក្សាពីការឆ្លើយតបរបស់ក្រុមហាម៉ាស៕
បកប្រែ៖ សន្យា