សម្ដេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា

ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋនសហភាពមីយ៉ាន់ម៉ា ផ្ញើសារលិខិតអបអរសាទរ សម្ដេចតីតេជោ ហ៊ុន សែន ដែលត្រូវបានបោះឆ្នោតជ្រើស តាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ។

ក្នុងសារលិខិត ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេច ប្រទេសកម្ពុជានឹងបន្តទទួលបានសុខ សន្តិភាព វឌ្ឍនភាព និងវិបុលភាព។ លោកបន្តថា ក្នុងរយៈពេលប្រាំមួយទសវត្សរ៍នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើង មីយ៉ាន់ម៉ា និងកម្ពុជា តែងតែរក្សាបាននូវមិត្តភាពដ៏ជិតស្និទ្ធ ការយោគយល់ និងជឿទុកចិត្តគ្នាទៅវិញទៅមក ដោយផ្អែកលើភាពស្រដៀងគ្នានៃវប្បធម៌ សាសនា និងប្រពៃណី។

ឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះ ទន្ទឹងរង់ចាំពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនរបស់ប្រទេសទាំងពីរ។

ឆ្លើយតបទៅនឹងលិខិតអបអរសាទរនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០​២៤ ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមី​យ៉ាន់​ម៉ា មានចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រនិងជាវប្បធម៌មាំយូរអង្វែង ដែលបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងស្ថាប័ននិតីប្បញ្ញត្តិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីបន្តកែលម្អបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ៕

អត្ថបទ៖ អក្ខរា