យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ ទី៦ ខែឧសភានេះបានចេញបញ្ជាឲ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីភាគខាងកើតទីក្រុង Rafah ជាបន្ទាន់ មុនពេលខ្លួនបើកប្រតិបត្តិការតាមការគ្រោងទុកនៅក្នុងទីក្រុងភាគខាងត្បូងជ្រោយហ្គាហ្សា។
សារព័ត៌មាន CNN បានដកស្រង់សម្តីយោធាអ៊ីស្រាអែល ថា ពួកគេបានផ្ញើសារជាអក្សរ ចែកខិត្តប័ណ្ណ និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីប្រាប់ប្រជាជនឲ្យជម្លៀស ខណៈមនុស្សប្រហែល ១០០ ០០០នាក់ ត្រូវបានដឹកឆ្ពោះទៅកាន់ទីក្រុង Khan Younis និង Al Mawasi ដែលស្ថិតនៅក្បែរនោះ។
ថ្មីៗនេះ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថា ប្រតិបត្តិការយោធានៅទីនោះ ពិតជាចាំបាច់ណាស់ ដើម្បីកម្ចាត់សកម្មប្រយុទ្ធក្រុមហាម៉ាសដែលនៅសេសសល់។
បទបញ្ជាជម្លៀសនេះទៀតសោត កើតឡើងចំពេល កិច្ចពិភាក្សាស្វែងរកបទឈប់បាញ់ ក្នុងតំបន់ហ្គាហ្សា និងការរំដោះចំណាប់ខ្មាំង នៅតែជាប់គាំង។ មូលហេតុចម្បងមួយដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះពិបាកលេចឡើងជារូបរាងគឺថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស សុទ្ធតែមិនឯកភាពគ្នាលើលក្ខខណ្ឌរៀងៗខ្លួន៕
បកប្រែ៖ សន្យា