បន្ទាប់ពីជោគជ័យក្នុងការប្រកួតបាល់ទាត់កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងមកនេះ តារាចម្រៀង ខេម បាននាំយកថវិការចំនួន ៥០ ម៉ឺនដុល្លារ ដែលទទួលបានពីសប្បុរសជនជូនទៅដល់មន្ទីរពេទ្យ កុមារអង្គរ នៅទឹកដីខេត្ត សៀមរាប ។ ចំណែកទឹកប្រាក់ដែលនៅសល់នឹងបែងចែកហើយយកទៅជូនដល់មន្ទីរពេទ្យ និង មណ្ឌលកុមារកំព្រានានាទៅតាមគម្រោងដែលបាន គ្រោងទុក ។
កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងមកនេះ តារាចម្រៀង ខេម និងក្រុមបាល់ទាត់ តារាកម្ពុជា(Cambodia football super stars) បាននាំថវិការចំនួន ៥០ ម៉ឺនដុល្លារ ទៅជូនដល់មន្ទីរពេទ្យ កុមារអង្គរ ។
ក្នុងនាមជាប្រធានក្រុម Cambodia football super stars លោក ខេម បានបង្ហោះសារនៅលើ ហ្វេសប៊ុក របស់ខ្លួនថា « ទឹកប្រាក់ 50 ម៉ឺនដុល្លារ របស់សប្បុរសជនតាមរយៈសម្ដេចតេជោហ៊ុន សែន ផ្ដល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប តាមរយៈការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិកចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារ កម្ពុជា » ។
លោក ខេម ពិតជារំភើបចិត្តខ្លាំងដែលក្រុមបាល់ទាត់របស់ខ្លួនអាចរកថវិការបានច្រើន ដើម្បីជួយដល់ការងារសង្គម ។
សម្រាប់ការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិកចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា គឺរកបានប្រាក់ពីសប្បុរសជនប្រមាណ ជិត 5 លានដុល្លារ ។ លោកនិងក្រុមការងារនឹងបែងចែកថវិការទាំងនោះទៅតាមគោលដៅដែលបានកំណត់ជាបន្តបន្ទាប់ បន្ទាប់ពីបានផ្តល់ថវិការ ៥០ ម៉ឺនដុល្លារដល់មន្ទីរពេទ្យ កុមារអង្គរ ។ ជាក់ស្តែងតាមការបង្ហោះសាររបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី ១ឧសភា២០២៤ នេះមានប្រាក់រៀល ៦០៥,000,000រៀល ជាដុល្លារ ៤,៨៥០,០០០ដុល្លារ ។ សរុបគិតជាប្រាក់ដុល្លារចំនួន(5,001,250)។ ដូចបានជំរាបជូន៣ថ្ងៃមុននេះថាថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ500,000$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន300,000$ គ្រួសារយុទ្ធជនពលី២០គ្រួសារ200,000$សរុប1,000,000$ ។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផានិងទទួលបាន4,001,250$ ជាបណ្តោះអាសន្ននិងប្រសិនជាទទួលបានបន្ថែមទៀតក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ » ៕