ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌទាហានដល់ក្រុមគ្រួសារយោធិនពលីទាំង ២០រូបដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិទី៣ ខេត្តកំពង់ស្ពឺកាលពីខែចុងមេសាកន្លងទៅ។
នារសៀលថ្ងៃទី៦ ខែឧសភានេះ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍៖ «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា»។
សម្តេចធិបតីបន្តថា មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់។