កម្ពុជាក្លាយជាប្រទេសនាំចេញអង្ករ និងស្រូវ ឈរលេខរៀងទី៧លើពិភពលោកនៅឆ្នាំ២០២៣-២០២៤ របស់គេហទំព័រ Satista នាពេលថ្មីៗនេះ។ តារាបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលក្រុមហ៊ុន Satista គឺប្រទេសឥណ្ឌានាំមុខគេឈរលេខរៀងទី១ តាមពីក្រោយដោយថៃ, វៀតណាម, ប៉ាគីស្ថាន, អាមេរិកនិងចិន។
ស្ថិតក្នុងលេខរៀងទី៧ជាប្រទេសនាំចេញអង្ករនិងស្រូវលើពិភពលោកឆ្នាំ២០២៣-២០២៤ កម្ពុជាសម្រេចនាំចេញបានចំនួន ១,៩៥០តោន ខណៈថៃមានចំនួន ៨,២០០តោន វៀតណាមមាន ៧,៦០០តោន។
នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនលោកបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បញ្ជាក់ថា ដោយឡែកនៅក្នុងរយ:ពេល៤ ខែឆ្នាំ២០២៤ នេះបរិមាណនាំចេញកើនឡើងថែមជាង ៣០ ភាគរយបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅឆ្នាំ ២០២៣។ លោកថា ក្នុងមួយឆ្នាំកម្ពុជាកម្ពុជាផលិតស្រូវបានជាង ១២ លានតោន ឬជាង ៧លានតោនអង្ករ ដែលលើសពីតំរូវការក្នុងស្រុកប្រមាណ ៥០ ភាគរយ។
លោកគូសបញ្ជាបន្ថែមថា វិស័យស្រូវអង្ករកម្ពុជាមិនត្រឹមតែជោគជ័យក្នុងការផលិតស្បៀងសម្រាប់ធានាបានសន្តិសុខស្បៀងជូនជាតិទេគឺថែមទាំងចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ។ គោលដៅទៅមុខរបស់យើងគឺបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ជាពិសេសគាំទ្រឲ្យមានការបង្កើនប្រាក់ចំណូលជូនកសិករអ្នកផលិតស្បៀង៕