ក្រុមហាម៉ាស បាននិយាយថាពួកគេនឹងមិនយល់ព្រមជាដាច់ខាត ទោះក្រោមកាលៈទេសៈណាក៏ដោយ ចំពោះបទឈប់បាញ់មួយនៅតំបន់ហ្កាហ្សា (Gaza) ដែលមិនរួមមានការបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍។ បើតាមចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យនេះ។
ក្រុមហាម៉ាសនិយាយបន្តថា វានឹងមិនអាចមានកិច្ចព្រមព្រៀងណាមួយឡើយ ដោយគ្មានការបញ្ចប់សង្រ្គាម និងការដកចេញវិញនូវការត្រួតត្រាលើតំបន់ Gaza ទាំងមូល។ ជាមួយគ្នានេះ ក្រុមហាម៉ាសក៏បានរិះគន់ថា អ៉ីស្រាអែលចង់សម្រេចបានកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំង ប៉ុន្តែមិនចង់ភ្ជាប់ជាមួយការបិទបញ្ចប់សង្រ្គាមរបស់ខ្លួន នៅ Gaza។
ដោយឡែក អ៉ីស្រាអែល នៅថ្ងៃសៅរទី៤ ខែឧសភា បាននិយាយថា ការណ៍ដែលហាម៉ាសមិនព្រមបោះបង់ចោល ការទាមទារឱ្យបញ្ចប់សង្រ្គាម កំពុងររារាំងលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងមួយ។ រីឯខាងហាម៉ាស បានចោទប្រកាន់ថានាយករដ្ឋមន្រ្តីអ៉ីស្រាអែល គឺមានចេតនាដោយផ្ទាល់បង្កជាឧបសគ្គ ចំពោះកិច្ចប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់។
ការឆ្លើយឌឺដងដាក់គ្នារបស់ភាគីទាំងពីរកើតមានឡើងបន្ទាប់ពីក្រុមអ្នកចរចារបស់ហាម៉ាស បានត្រឡប់ទៅកាន់ប្រទេសអេហ្ស៉ីបសាជាថ្មី កាលពីថ្ងៃសៅរ៍ ដើម្បីផ្តល់ការឆ្លើយតបរបស់ខ្លួន ចំពោះសំណើផ្អាកការប្រយុទ្ធគ្នា នៅក្នុងសង្រ្គាមដែលអូសបន្លាយពេលជិត៧ខែមកហើយ។ អ៉ីស្រាអែល បាននិយាយថា ខ្លួននឹងមិនបញ្ជូនប្រតិភូទៅកាន់អេហ្ស៉ីបឡើយ លុះត្រាតែមើលឃើញមានសញ្ញាវិជ្ជមាន លើក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀង ស្តីពីការដោះលែងអ្នកទោស៕
បកប្រែ៖ សន្យា