ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែឧសភានេះ ជូនដំណឹងដល់សាធារណៈជន ពិសេសបងប្អូនដែលសមាជិក ប.ស.ស. ទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន។
ក្រសួងណែនាំដល់បងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆបោករបស់ក្រុមជនអណាមិកទាំងនេះ ចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។
សូមបញ្ជាក់ថា សម្រាប់បងប្អូនសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ រាល់ពេលបង់ភាគទានមក ប.ស.ស. ត្រូវរកមើលពាក្យ “ប.ស.ស. បង់ភាគទានស្វ័យនិយោជន៍” ឬជាភាសាអង់គ្លេស “NSSF Self Employed” ហើយប្រសិនបើពេលចុចបង់ភាគទាន តែមិនមានឃើញឈ្មោះដូចខាងលើទេ គឺមិនមែនជាគណនីរបស់ ប.ស.ស. ឡើយ ដូច្នេះ សូមកុំចុចបង់ ព្រោះជាការឆបោករបស់ក្រុមជនអណាមិក។
សម្រាប់មានចម្ងល់ផ្សេងៗ ឬមានការសង្ស័យណាមួយ សូមលោកអ្នកខលមកលេខ ១២៨៦ ឬ ១២៩៧ ឬអាចឆាតមកកាន់ Facebook Page ប.ស.ស. ឬតាមរយៈ Telegram Group ផ្លូវការរបស់ ប.ស.ស.៕