លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ញើសារថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋទាំងអស់ ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់លោកជំទាវ ដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Daily។
តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៤ ខែឧសភានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរថា៖ “សូមជំរាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា🙏
ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់នាងខ្ញុំដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី ០២ ឧសភា កន្លងមកនេះ។ នាងខ្ញុំពិតជាមានការរំភេីបណាស់ដែលបងប្អូន រួមទាំងអ្នកដែលបានធ្វេីការងារជាមួយនាងខ្ញុំកន្លងមក ព្រមទាំងបងប្អូនភាគច្រេីនបានតាមដានសកម្មភាពនិងការងារសង្គមរបស់នាងខ្ញុំ មានការស្រលាញ់រាប់អាន និងជឿជាក់លេីនាងខ្ញុំ🙏 ការគាំទ្រ ស្រលាញ់នឹងការពារនាងខ្ញុំនេះ គឺជាកំលាំងចិត្តមួយដ៏សំខាន់ដេីម្បីជួយដល់នាងខ្ញុំក្នុងការបន្តនូវសកម្មភាពមនុស្សធម៌នេះបន្តទៅមុខទៀត។ 🙏🙏❤️”
គួររម្លឹថា កាលពីថ្ងៃទី២ ខែឧសភា កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្ដីបដិសេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាន «The Cambodia Daily» ដែលបានលើកឡើងយ៉ាងងងឹតងងល់ និងជាការមួលបង្កាច់យ៉ាងព្រៃផ្សៃថា ឯកឧត្តម គុណ ញឹម បានសូកប៉ាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសុំពន្យារពេលកាន់តំណែង៣ឆ្នាំទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Daily ដែលបម្រើឲ្យបរទេសមួយនេះ បានផ្សាយបង្ខូចកិត្តិយសសម្តេច និងក្រុមគ្រួសារ។
ទន្ទឹមនេះប្រជាពលរដ្ឋគោរពស្រឡាញ់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏ប្រតិកម្ម ចំពោះទង្វើដ៏ថោកទាប គ្មានសីលធម៌ និងគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មាន របស់កាសែត The Cambodia Daily ដែលបានចុះផ្សាយមួលបង្កាច់ដោយគ្មានភ័ស្តុតាងមកលើរូប លោកជំទាវ ដែលជាថ្នាក់ដឹកនាំគំរូមួយរូបសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាពិសេសលោកជានិមិត្តរូបនៃសកម្មភាពមនុស្សធម៌ និងជាថ្នាក់ដឹកនាំគំរូបំផុតសម្រាប់ក្រុមការងារ និងសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕
អត្ថបទ៖ អក្ខរា