ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា រីករាយបន្តស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកមកកាន់កម្ពុជា ទន្ទឹមនឹងកម្ពុជា បាន និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសដ្ឋានលំដាប់ថ្នាក់ 4F ដើម្បីត្រៀមលក្ខណៈ និងពង្រីកនូវសមត្ថភាពទទួលនូវជើងហោះហើរកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា ជាមួយនឹងគោលដៅពង្រីកសមត្ថភាពទទួលអ្នកដំណើរឱ្យបាន ១៣លាននាក់ក្នុងមួយឆ្នាំ ក្រោយសាងសង់ដំណាក់កាលទី១ (២០២០-២០៣០) រួចរាល់ជាស្ថាពរ៕