ក្នុងហេតុការណ៍បាក់ផ្លូវហាយវ៉េមួយកន្លែងនៅក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៦ នាក់ ខណៈអាជ្ញាធរបញ្ជូនមនុស្សប្រហែល ៥០០ នាក់ទៅកាន់កន្លែងកើតហេតុដើម្បីជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ។
សារព័ត៌មាន CTV បានចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភាម្សិលមិញថា ប៉ុន្មានសប្ដាហ៍នេះខេត្តដែលជារោងចក្រថាមពលឧស្សាហកម្ម និងមានប្រជាជនរស់នៅច្រើនមួយនេះទទួលរងនូវព្យុះភ្លៀងខុសពីធម្មតាដែលបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីនៅក្នុងតំបន់មួយចំនួន។
សេចក្តីរាយការណ៍ដដែលឲ្យដឹងថា ផ្លូវហាយវ៉េមួយកន្លែងដែលតភ្ជាប់រវាងទីក្រុង Meizhou និងស្រុក Dabu ក្នុងខេត្ត ក្វាងទុងបាក់ផ្លូវនៅវេលាម៉ោងប្រហែល ២ និង ១០ នាទីរសៀលកាលពីថ្ងៃពុធដែលបានបណ្តាលឲ្យរថយន្តចំនួន ២០ គ្រឿងជាប់គាំង និងមានមនុស្សសរុប ៥៤ នាក់ស្ថិតនៅក្នុងហេតុការណ៍ ក្នុងនោះមានមនុស្ស ៣៦ នាក់បានស្លាប់ ហើយមួយចំនួនទៀតរងរបួស។
គួររំលឹកបន្តថា ឧបទ្ទវហេតុនេះគឺជាគ្រោះមហន្តរាយចុងក្រោយបង្អស់ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនៅក្វាងទុងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ កាលពីខែមុន ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ក្នុងខេត្តមួយចំនួនដែលបានឆក់យកជីវិតមនុស្ស ៤ នាក់ និងបង្ខំឲ្យជម្លៀសមនុស្សជាង ១០០,០០០ នាក់៕
បកប្រែ៖ សន្យា