លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា សង្គមខ្មែរកំពុងត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរដោយពួកអ្នកលក់អនឡាញនិងអ្នករកស៊ីអនឡាញ (MMO) មួយចំនួនដោយប្រើពាក្យពេចន៍អសុរស ជេរបញ្ចោ ឬជេរប្រមាថអ្នកដទៃ ហែកហួរជម្លោះក្នុងគ្រួសារ ផលិតមាតិកាផ្តេសផ្តាស អសីលធម៌ បំផ្លើស ប្រឌិត បង្កចលាចលសង្គម និងធ្វើទង្វើស្មោកគ្រោកនិងអសីលធម៌ជាច្រើនទៀត។
លោកបានគូសបញ្ជាក់ដូច្នេះថា ភាគច្រើននៃពួកអ្នកលក់អនឡាញនិងអ្នករកស៊ីអនឡាញ (MMO) ទាំងនោះ មើលទៅមុខមាត់ អត្តចរិត សម្ដីសម្ដៅ អាកប្បកិរិយា មារយាទ និងឫកពារ ដូចជាមិនមែនមនុស្សខ្មែរ, ហាក់ដូចជាក្រុមមនុស្សមកពីស្រុកណាមួយ គេប្រើមកឱ្យបំផ្លិចបំផ្លាញសង្គមខ្មែរយើង។ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកនេះគ្មានខ្វល់ប៉ះពាល់ដល់សង្គមខ្មែរយើងបន្តិចណាសោះឡើយ។
លោកបានបន្តថា៖ បើអនុញ្ញាតឱ្យពួកនោះនៅតែបន្តសកម្មភាពបែបហ្នឹងតទៅទៀត សង្គមយើងនឹងមានបញ្ហាធ្ងន់ធ្ងរទៅថ្ងៃក្រោយ។ ដូច្នេះ ត្រូវតែមានវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរចំពោះពួកនោះ, បើគ្មានច្បាប់ចែង ត្រូវតែធ្វើច្បាប់ដើម្បីគ្រប់គ្រងសង្គម មិនអាចបណ្ដែតបណ្ដោយឱ្យពួកនោះបន្តបំផ្លិចបំផ្លាញសង្គមយើងតទៅទៀតនោះទេ៕