ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ នៃក្រសួងទាំងបី បានជួបប្រជុំពិភាក្សាលក្ខណៈចង្អៀតស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។
សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បច្ចុប្បន្ននេះ មានប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតសរុបចំនួន ៤២១ទីតាំង ក្នុងនោះមានប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួន ៩ទីតាំងកំពុងជួបប្រទះនូវបញ្ហាខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ជាខ្លាំង និង៥៧ទីតាំងផ្សេងទៀតអាចនឹងមានបញ្ហាខ្វះខាតទឹក ប្រសិនជារដូវប្រាំងនៅតែបន្តអូសបន្លាយ និងមិនមានភ្លៀងធ្លាក់ទាន់ពេល។
ជាដំណោះស្រាយចំពោះមុខ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានសំណូមពរដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន៖ ទី១)ខួងអណ្តូងដើម្បីទាញយកទឹកពីក្រោមដីមកប្រើប្រាស់(ចំពោះទីតាំងដែលមានសក្តានុពល ទឹកក្រោមដី)សម្រាប់ការផ្គត់ផ្គង់បណ្តោះអាសន្ន ទី២)ស្វែងរកទឹកពីប្រភពទឹកលើដីផ្សេងទៀត ដែលអាចមានលទ្ធភាពក្នុងការជួយអន្តរាគមន៍ផ្គត់ផ្គង់បណ្តោះអាសន្នបាន និងទី៣)ទិញទឹកដុំពីប្រតិបត្តិករជិតខាង ដើម្បីដោះស្រាយបញ្ហាចំពោះមុខ(ឧទា. មានករណីប្រតិបត្តិករនៅខេត្តកំពង់ស្ពឺបានទិញទឹកដុំពីប្រតិបត្តិករនៅខេត្តតាកែវ)។
សម្រាប់ផែនការរយៈពេលវែង ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានស្នើឱ្យមានកិច្ចសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បី៖ ទី១)ណែនាំដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិបត្តិករផ្គត់ផ្គង់ ទឹកស្អាតខ្នាតតូចឱ្យសហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមរាជធានី-ខេត្ត និងអាជ្ញាធរដែនដីពាក់ ព័ន្ធ ដើម្បីរៀបចំផែនការតម្រូវការប្រើប្រាស់ទឹកប្រចាំខែ ប្រចាំឆ្នាំរបស់ខ្លួនឱ្យបានច្បាស់លាស់ ទី២)លើកផែនការជីកស្តារអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រឬបឹង ព្រមទាំងធ្វើការកែលម្អសំណង់ការងារទឹក ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ(សម្រាប់ផលិតទឹកស្អាត) កសិកម្ម និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ និងទី៣)សិក្សាសក្តានុពលធនធានទឹកក្រោមដី និងទឹកលើដីនៅក្នុងក្របខណ្ឌអាងស្ទឹង/ទន្លេ ដែលអាចទាញឬបង្វែរទឹកពីស្ទឹង ព្រែក អូរ ឬផ្ទៃរងទឹកភ្លៀង ដើម្បីនាំទឹកមកបំពេញបន្ថែមនៅក្នុងស្រះ ឬកន្លែង ស្តុកទឹកផ្ទាល់ខ្លួនរបស់ប្រតិបត្តិករផលិតទឹកស្អាត ដែលបាន និងកំពុងជួបបញ្ហាប្រឈម៕