លើពិភពលោកនេះ និយាយជារួម និងនៅក្នុងប្រទេសកម្ពុជា និយាយដោយឡែក គឺពិតជាកម្របានជួបណាស់នូវអ្នកនយោបាយ និងអ្នកដឹកនាំដែលលើកលែងទោសដល់អ្នកដែលប្រឆាំងនឹងខ្លួន ដល់អ្នកតែងតែជេរប្រមាថខ្លួន។ សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកនយោបាយជាន់ខ្ពស់ និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែអត់អោនអធ្យាស្រ័យដល់គូបដិបក្ខរបស់សម្តេច ឬអ្នកដែលប្រឆាំងនឹងសម្តេច នៅពេលដែលអ្នកទាំងនោះ ដឹងកំហុស ចេះសារភាពកំហុស ហើយសុំទោសសម្តេចចំពោះអ្វីដែលពួកគេបានប្រព្រឹត្តកន្លងមកលើសម្តេច។
ជាក់ស្តែងណាស់ កាលពីថ្ងៃទីចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ម៉ែន វណ្ណៈ អតីតអង្គរក្សរបស់ទណ្ឌិត សម រង្ស៊ី និងលោក មុំ អស្សនី ដែលជាអ្នកវាយប្រហារដ៏ខ្លាំងក្លាលើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានសម្តេចតេជោ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងសុំទោសចំពោះកំហុសឆ្គងទាំងឡាយដែលពួកគេបានធ្វើកន្លងមក។ គ្រាន់តែជួបសម្តេចតេជោដោយផ្ទាល់ភ្លាម លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី បានលត់ជង្គង់គោរពសុំទោសសម្តេចតេជោភ្លាម ទាំងដែលសម្តេចមិនបានតម្រូវឱ្យពួកគេធ្វើបែបនេះឡើយ។
ការគោរព និងសុំទោសសម្តេចតេជោដោយការលត់ជង្គង់ដោយផ្ទាល់បែបនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ពួកគេមានការស្តាយក្រោយជាពន់ពេកដែលបានជឿ និងដើរតាមនយោបាយប្រឆាំងសម្តេចតេជោ ហ៊ុន សែន ប្រឆាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រឆាំងនឹងផលប្រយោជន៍ជាតិកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅខាងក្រៅប្រទេស។ ទង្វើបែបនេះ ក៏សរបង្ហាញដែរពីការមានវិប្បដិសារីយ៉ាងខ្លាំងដែលពួកគេមិនគួរធ្វើទាល់តែសោះលើអ្នកមានគុណដ៏ធំធេងរបស់ប្រជាជាតិខ្មែរ គឺសម្តេចតេជោ ហ៊ុន សែន។ ពួកគេគ្មានអ្វីដែលអាចបង្ហាញពីទោសកំហុសដ៏ធ្ងន់ធ្ងរនាពេលកន្លងមក ក្រៅពីការលត់ជង្គង់សុំទោស និងសុំការអត់អោនអធ្យាស្រ័យពីសំណាក់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។
ត្បិតថា មិនអាចហាមឃាត់ពួកគេមិនឱ្យលត់ជង្គង់បាន ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលស្វាគមន៍ពួកគេដោយផ្ទាល់ និងឱ្យពួកគេអង្គុយតុជាមួយសម្តេច ដើម្បីជជែកពិភាក្សាគ្នាក្នុងនាមខ្មែរ និងខ្មែរ ថែមទៀតផង។ បើទោះបីជាសម្តេចតេជោ ជាអ្នកដឹកនាំជាតិដ៏ឆ្នើម ដ៏អស្ចារ្យ និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាដ៏ខ្ពង់ខ្ពស់យ៉ាងណាដ៏ដោយ ក៏សម្តេច មិនមានការរើសអើងចំពោះជនជាតិខ្មែរដែលដឹងពីកំហុសរបស់ខ្លួននោះទេ។ សម្តេចតេជោ បានសន្ទនាដោយស្និទ្ធស្នាល ប្រកបដោយភាតរភាព និងសន្តោសប្រណីដល់អ្នកដែលធ្លាប់ប្រឆាំងនឹងសម្តេច។
តាមរយៈនេះ គឺយើងអាចដឹងយ៉ាងច្បាស់ពីទឹកចិត្ត សណ្តានចិត្តររបស់សម្តេចតេជោ ហ៊ុន សែន ហើយ ពោល គឺអ្វីដែលសម្តេចតេជោ ចង់បាន និងចង់ឃើញ គឺការផ្សះផ្សាគ្នា ការឯកភាពគ្នា សាមគ្គីភាពគ្នាក្នុងនាមខ្មែរ និងខ្មែរ។ សម្តេចតេជោ តែងតែធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា គឺសម្តេចមិនយកអ្នកណាជាសត្រូវរបស់សម្តេចឡើយ។ ក៏ប៉ុន្តែ លើកលែងតែបុគ្គលម្នាក់តែប៉ុណ្ណោះ គឺទណ្ឌិត សម រង្ស៊ី ដែលសម្តេចមិនអាចលើកលែងឱ្យបាន ព្រោះតែជននេះ ជាជនក្បត់ជាតិ ជាអ្នកនយោបាយប្រឆាំងនឹងការអភិវឌ្ឍជាតិ និងជាអ្នកនយោបាយដ៏អាក្រក់ជូរជាតិរកអ្នកផ្ទឹមពុំបានឡើយ៕
ដោយ៖ ជម្ពូនុទ