ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អបអរសាទរខួបលើកទី ២៥ នៃការបញ្ចូលព្រះរាជាណាចក្រកម្ពុជាជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន(ASEAN)។
ឯកឧត្តម បានលើកឡើងថា ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន(ASEAN)។ ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា បានធ្វើឱ្យសមាគមប្រជាជាតិមួយនេះ ក្លាយជាអង្គការតំបន់ដែលប្រមូលផ្តុំប្រទេសទាំងអស់នៃតំបន់អាស៊ីអាគ្នេយ៍។ រយៈពេល ២៥ ឆ្នាំ នៃដំណើររួមគ្នា ក្នុងសហគមន៍ជោគវាសនាតែមួយ អាស៊ាន និងកម្ពុជាបានបង្កើតសមិទ្ធផលជាច្រើនសម្រាប់ប្រជាជាតិយើងទាំងអស់គ្នា។
ឯកឧត្តមបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាតែងតែចូលរួមជាអ្នកគាំទ្រយ៉ាងសកម្ម ក្នុងដំណើរការកសាងសហគមន៍អាស៊ាន សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម-វប្បធម៌ ស្របតាមស្មារតីជឿជាក់ សាមគ្គីភាព រួបរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយ ប្រកបដោយ សន្តិភាព វឌ្ឍនភាព វិបុលភាព និងបរិយាប័ន្ន។
សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម ហើយជាសមាជិកដែលចូលក្រោយគេបំផុត៕
អត្ថបទ៖ អក្ខរា