ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ហៅលោក សម រង្ស៊ី ថាជាអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី។ នេះបើតាមខ្លឹមសារក្នុងសំណេររបស់ឯកឧត្តម នៅថ្ងៃទី២៩ ខែមេសានេះដែលមានចំណងជើងថា ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា។
ឯកឧត្តមបានលើកឡើងថា ចលនាជាតិដ៏ធំធេងដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោដែលកើតឡើងពេលនេះកំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងជាប្រយោជន៍ជាតិដ៏យូរអង្វែង។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះ ត្រូវបង់ថ្លៃយ៉ាងខ្ពស់ហួសពីការស្មាននោះ គឺការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី ខណៈដែលសកម្មជននិងអ្នកគាំទ្ររបស់ខ្លួនបានដើរចេញជាបន្តបន្ទាប់។
បើតាមឯកឧត្តម ប៉ែន បូណា ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ កំពុងដាក់ឱ្យអ្នកនយោបាយប្រឆាំងជ្រុលនិយមក្នុងសភាពឯកោកាន់តែខ្លាំងលើសពេលណាៗទាំងអស់។ នេះជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុលនិយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ហើយ៕