ជននិយាយអាក្រក់ពីកម្ពុជា លោក ទាវ វណ្ណុល ត្រៀមចូលបំភ្លឺនៅសវនការ

ក្រោយពីបានចំណាយពេលនៅក្រៅប្រទេសជិត ២ខែ ដើម្បីពិនិត្យសុខភាព លោក ទាវ វណ្ណុល មេដឹកនាំគណបក្សភ្លើងទៀន ត្រៀមចូលទៅបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ជុំវិញការនិយាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលកម្ពុជា។

ដំបូងឡើយ លោក​ទាវ ​វណ្ណុល ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺ​នៅថ្ងៃទី១០ ខែមេសា តែមេធាវី​របស់លោក​បានសុំពន្យារចូលបំភ្លឺនៅថ្ងៃទី២៥ ខែមេសាវិញ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងរូបនេះបាន​វិលមកពីពិនិត្យសុខភាពនៅសហរដ្ឋអាមេរិក។

ពាក្យបណ្តឹងរបស់រដ្ឋាភិបាលមកលើលោក​ទាវ វណ្ណុល បន្ទាប់ពីលោកបានប្រាប់លោក ​Akira Koike អគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុន និងជាសមាជិកសភាពីការ​ដែលរដ្ឋាភិបាលកម្ពុជា​បានដំឡើងកាំម៉ារ៉ាឃ្លាំមើលនៅខាងមុខផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ។

យោងលើការផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia និងវិទ្យុបារាំងអន្តរជាតិ RFI​ កាលពីថ្ងៃទី៥ ខែកុម្ភៈ​កន្លងទៅ ក៏បានស្រង់សម្តីលោក ទាវ វណ្ណុល ដែលបានចោទរដ្ឋាភិបាលកម្ពុជាថា​បានចាប់ឃុំខ្លួនមន្ត្រីបក្ស​ប្រឆាំង និងពលរដ្ឋដែលរិះគន់រដ្ឋាភិបាលជាបន្តបន្ទាប់។

ភ្លាមៗ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ច្រានចោលការលើកឡើងរបស់ លោក ទាវ វណ្ណុល ដែលមានចេតនាអាក្រក់ បង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល និងបានចាត់ទុកការផ្តល់សម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត៕

អត្ថបទ៖ អក្ខរា