សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ការគាំទ្រដល់អ្នកដែលមានឆន្ទៈជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ការគាំទ្រដល់អ្នកដែលមានឆន្ទៈជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ ក្នុងរូបភាពណាមួយដូចជា ធនធាន បច្ចេកទេស និងការតម្រង់ទិសជាដើម ដើម្បីបំផុសចលនាជាតិនិយម ក្នុងការកសាង ថែរក្សាវប្បធម៌ជាតិ។ ការថ្លែងរបស់សម្តេចធិបតី ក្នុងពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មោទនភាព និងកោតសសើរចំពោះយុវជន ដែលមានទឹកចិត្តខិតខំផលិតវីដេអូផ្សព្វផ្សាយលើកស្ទួយវិស័យសិល្បៈវប្បធម៌។ សម្តេចធិបតីមានប្រសាសន៍ថា៖ “ខ្ញុំឃើញនៅតាមហ្វេសប៊ុក ខ្ញុំមានមោទនភាព ក្រៅពីក្រសួងស្ថាប័នរបស់យើង ក្រៅពីសមាគមផ្លូវការ យើងមានប្រជាពលរដ្ឋខ្មែរច្រើនណាស់ ជាពិសេសយុវជន ដែលគាត់មានទឹកចិត្ត ឆន្ទៈ ធ្វើខ្លួនឯង អ្នកខ្លះមានធនធានខ្លួន គាត់ខំធ្វើបានប៉ុណ្ណាធ្វើប៉ុណ្ណឹង ដើម្បីផលិត ជួយលើកស្ទួយនូវវិស័យសិល្បៈវប្បធម៌របស់យើង ដែលនេះជាស្មារតីល្អណាស់ ខ្ញុំសូមធ្វើការកោតសសើរចំពោះការខំប្រឹងទាំងនេះ”៕

អត្ថបទ៖ អក្ខរា