លោក គិន ភា ភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំងដែល សម រង្សុី ង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរឿងព្រែកជីកហ្វូណនតេជោ

លោក គិន ភា មន្រ្តីនៃរាជបណ្ឌិត្យភាកម្ពុជា បានចេញមកប្រតិកម្មនឹងការង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ទណ្ឌិត សម រង្សុី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដោយលោកថាខ្លឹមសារនៃសារនោះក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។

ទណ្ឌិត សម រង្សុី លើកឡើងលើបណ្តាញសង្គមផ្ទាល់ខ្លួនថា បំណងធំនៃព្រែកនេះ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជាដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិនរួចទៅហើយ។

ឆ្លើយតបនឹងការបង្ហោះនេះ លោក គិន ភា បាននិយាយលើបណ្តាញសង្គមផ្ទាល់ខ្លួននាព្រឹកនេះថា លោកពិតជាមានការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំងដោយបានឃើញមេដឹកនាំអតីតបក្សប្រឆាំងម្នាក់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានបង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជា។

លោកថា ខ្លឹមសារនៃសារនោះក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ លោកមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោបាយលេចធ្លោមួយរូបដែរបែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ លោកបន្តថា បើទោះបីជាសារនេះត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញគម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាងឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើដ៏ល្ងិតល្ងង់និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង។

លោក គិន ភា គូសបញ្ជាក់ថា បរទេសជិតខាងខ្លះធ្លាប់បានប្រើប្រាស់រួចហើយ នូវយុទ្ធសាស្ត្រខ្ចីដែកកេះរបស់កូនយើង ឱ្យយកមកដុតផ្ទះយើង ហើយប្រទេសយើងក៏ធ្លាប់រងគ្រោះដោយយុទ្ធសាស្ត្រនេះយ៉ាងធ្ងន់ធ្ងរពីអតីតកាលមកហើយដែរ។ មកដល់ពេលនេះ ខ្មែរគ្រប់រូបល្មមយល់ហើយពីយុទ្ធសាស្ត្ររបស់បរទេស និងត្រូវឈ្វេងយល់ពីភាពបត់បែននៃភូមិសាស្ត្រនយោបាយ មិនត្រូវឆោតល្ងង់ឱ្យគេខ្ចីដៃប្រើប្រាស់ ហើយក្បត់នឹងផលប្រយោជន៍ជាតិខ្លួននោះទេ។

លោកសង្កត់ធ្ងន់ថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលត្រូវតែសាងសង់ព្រែកជីកនេះឱ្យបានដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងរួបរួមគ្នាយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះ៕