អតីតតំណាងរាស្រ្តមណ្ឌលព្រៃវែង និងកំពតរបស់គណបក្សប្រឆាំង លោក ជា ប៉ូច ប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្សុី និងក្រុមអតីតគណបក្សប្រឆាំង ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន ស្នើតុលាការលើកលែងការចោទប្រកាន់។
លិខិតជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ជា ប៉ូច បញ្ជាក់ថា លោកសោកស្តាយដែលសកម្មភាព និងប្រើប្រាស់ពាក្យពេជមួយចំនួនកន្លងទៅធ្វើឲ្យប៉ះពាល់ដល់សំណើការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសធ្វើឲ្យប៉ះពាល់សម្តេចតេជោ ហើយសូមអភ័យទោសចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ។
ក្នុងលិខិតដដែរ លោក ជា ប៉ូច បានអះអាងថា លោកបានផ្តាច់ខ្លួនចេញពីលោក សម រង្សុី និងឈប់ធ្វើសម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្សភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំងដោយសារអស់ជំនឿទៅលើនយោបាយបរទេសនិយម ការមួលបង្កាច់ ការជរប្រមាទ ការលាបពណ៌ ការបំបែកបំបាក់ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងការផ្សះផ្សាយជាតិបាន។
ក្នុងន័យនេះលោកស្នើសុំ សម្តេចតេជោ ហ៊ុន សែន សុំឲ្យតុលាការលើកលែងការចោទប្រេកាន់ដល់លោកចំពោះទង្វើដែលប្រព្រឹត្តខុសក្នុងរយៈពេលកន្លងទៅ ដើម្បីឲ្យលោកធ្វើជាប្រជាពលរដ្ឋល្អរស់ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ៕