សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្នើសុំឲ្យឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គាំទ្រនូវគម្រោង ព្រែកជីកហ្វូណន របស់កម្ពុជា ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា។ ការស្នើរបស់សម្តេចតេជោក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីតនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមប្រធានរដ្ឋឡាវ បានគាំទ្រចំពោះគម្រោងនេះផងដែរ។ ឯកឧត្តម ប្រធានរដ្ឋឡាវ បានបញ្ជាក់ថា វត្តមានរបស់ ឯកឧត្ដម នាពេលនេះគឺ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និង ចូលរួមប្រជុំរវាងគណបក្សទាំងពីរ ក្នុងឱកាសនេះដែរ ឯកឧត្ដម ក៏បានអញ្ជើញ សម្ដេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងចូលរួមប្រជុំរវាងគណបក្សទាំងពីរនៅឆ្នាំក្រោយផងដែរ។ ជាមួយគ្នាដែរ ឯកឧត្ដម ប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចាត់ទុក ឯកឧត្ដម ជាភ្ញៀវបរទេសកំពូលទី១ បំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងខណៈដែលសម្តេចមានតួនាទីជាប្រធានព្រឹទ្ធសភា និង ជំរុញឲ្យកូនចៅជំនាន់ក្រោយមានទំនាក់ទំនងល្អជាមួយគ្នា ធ្វើការជាមួយគ្នា សុខដុមក្នុងការរស់នៅភូមិផងរបងជាមួយគ្នា ប្រកបដោយការទុកចិត្តគ្នា។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕
អត្ថបទ៖ អក្ខរា