រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា បានឲ្យដឹងថា ករណីបុគ្គលឈ្មោះ ទន់ ឆៃអ៊ាង ចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ ដែលបានចាប់ផ្តើមពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ រហូតដល់ថ្ងៃទី ១២-មីនា-២០២៤ មានរយៈពេល ១៧ថ្ងៃ (លឿនជាងវិធានការដែលទុកពេលឲ្យ ៧០ថ្ងៃ) មន្ត្រីជំនាញ និងភាគីម្ចាស់ដីបានរាយការណ៍ថា ការកកាយថ្មយកចេញត្រូវបានធ្វើរួចរាល់ ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ។
ដើម្បីមានភាពច្បាស់លាស់ រដ្ឋបាលខេត្ត បានស្នើសុំកិច្ចសហការជាមួយនឹងក្រសួងធនធានទឹក និង ឧត្តុនិយម ហើយក្រសួងបានបញ្ជូនមន្ត្រីជំនាញ និងឧបករណ៍បច្ចេកទេសថតវាស់ស្ទង់ផ្ទៃបាតទន្លេ នៅទីតាំងផ្ទាល់ ចំនួន ២លើក។ លើកទី១ រកឃើញថានៅសេសសល់ថ្ម និងឲ្យកកាយយកចេញបន្តទៀត ហើយភាគីម្ចាស់ដីបានធ្វើការកកាយយកថ្មចេញបាន ៣ប៉ុងតុងបន្ថែមទៀត។ លើកទី២ នៅ ថ្ងៃទី ២៣-មីនា-២០២៤ មន្ត្រីជំនាញបានបន្តចុះដល់ទីតាំងផ្ទាល់ និងបានប្រើឧបករណ៍ថតវាស់ស្ទង់ផ្ទៃបាតទន្លេ និងបានបញ្ជាក់ថា ទីតាំងថ្មទាំងអស់ ត្រូវបានកកាយយកថ្មចេញរួចរាល់អស់ហើយ។
រដ្ឋបាលខេត្តកំពង់ចាម សូមប្រកាសបិទបញ្ចប់វិធានការរដ្ឋបាល ស្តីពីការកកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់ពីពេលនេះតទៅ និងសូមប្រគល់ទីតាំងនេះឲ្យ អាជ្ញាធរស្រុកស្រីសន្ធរ និងមន្ទីរជំនាញបន្តគ្រប់គ្រង និងធានាមិនឲ្យមានសកម្មភាពល្មើសនានាកើតមានទៀត នោះឡើយ៕