សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ អ៊ុ ផារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា។
ក្នុងសារលិខិត, សម្តេចធិបតី និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេច និងជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ ដែលជាស្វាមីរបស់ លោកជំទាវ លោកបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១២កើត ខែចេត ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីព្រឹក នៅ រាជធានីភ្នំពេញ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ “ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយ សង្គហធម៌ដ៏ឧត្ដុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះ បុត្រាបុត្រី ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់ ពិសេស គឺជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃខេមរភាសា និងប្រវត្តិសាស្ត្រខ្មែរប្រកបដោយ ជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក”៕