តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការពារការចាប់ខ្លួនលោក កើត សារ៉ាយ ថាជាការវិធានការស្របទៅតាមច្បាប់ និងបទល្មើសដែលមាន ពោលគឺមិនមែនដោយសារសម្ពន្ធភាពជាមួយអង្គការសិទ្ធិមនុស្សណាមួយឡើយ។
ការលើកឡើងនេះកើតឡើងក្រោយអ្នកជំនាញអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ អំពាវនាវឱ្យកម្ពុជាបញ្ឈប់ការយាយី និងធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្ស។
តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ប្រទេសកម្ពុជានៅទីក្រុងហ្សឺណែវបង្ហាញការមិនពេញចិត្ត និងច្រានចោលចំពោះការលើកឡើងរបស់អ្នកជំនាញអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍ចុះនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤។ លោក កើត សារ៉ាយ
សេចក្តីថ្លែងការណ៍ដដែលក៏បានលើកឡើងពីការចាប់ខ្លួនលោក កើត សារ៉ាយ ថាជាការអនុវត្តទៅតាមច្បាប់ ទៅតាមបទលើ្មសមិនមែនដោយសារសម្ពន្ធភាពរបស់លោក កើត សារ៉ាយ ជាមួយអង្គការសិទិ្ធមនុស្សនោះទេ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ គឺមិនមែនដោយសម្ព័ន្ធរបស់គាត់ជាមួយអង្គការពួនជ្រកក្រោម ស្លាកសិទ្ធិមនុស្សណាមួយនោះឡើយ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងថា កម្ពុជាមានច្បាប់ដែលបានចែងស្របទៅតាមរដ្ឋធម្មនុញ្ញអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងក្របខណ្ឌច្បាប់ គឺអនុញ្ញាតតែក្នុងក្របខណ្ឌច្បាប់ ហើយជនណាដែលប្រព្រឹត្តហួសកំណត់ពីព្រំដែនច្បាប់គឺត្រូវទទួលរងការចាប់ខ្លួនមកផ្តន្ទាទោសនៅចំពោះមុខតុលាការ។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលតែងតែអនុវត្ត និងចាត់វិធានការទៅតាមផ្លូវច្បាប់ដែលមានជាធរមាន ដោយមិនបានធ្វើទុក្ខបុកម្នេញ ឬបំបិទសិទ្ធិសេរីភាពទៅលើអ្នកការពារសិទ្ធិមនុស្សនោះទេ៕