សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ អ៊ុ ផារ៉ាន់ ភរិយា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្តី្រ នៃកម្ពុជា។
ក្នុងសាររំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖”ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមកំ ថា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ”។
ក្នុងវេលាដ៏ក្រៀមក្រំនេះ សម្តេចតេជោ ហ៊ុន សែន និងភរិយា សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និង សង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
សារលិខិតសម្តេចតេជោបានរៀបរាប់ទៀតថា៖ “មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏ សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។ ទោះបីរូបកាយរបស់ ឯកឧត្តម បានបាត់បង់ទៅពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុង សន្តានចិត្តភរិយា កូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិរន្តរ៍។ ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ”៕