រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍយុវជន និងការផ្តល់ឱកាសដល់យុវជនក្នុងការដោះសោរសក្តានុពលតាមរយៈការអប់រំ និងឱកាសការងារសមរម្យ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកវេទិកាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក មានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តម បានលើកឡើងពីការការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសការវិវត្តន៍នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពយុវជនលើជំនាញសតវត្សរ៍ទី២១ ក៏ដូចជាការត្រៀមខ្លួនរបស់យុវជនសម្រាប់ទីផ្សារការងារស្របតាមបរិការណ៍ថ្មី។
គួរបញ្ជាក់ថា វេទិកាយុវជនឆ្នាំ២០២៤នេះ ក្រោមប្រធានបទ“យុវជនបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាពនិងច្នៃប្រឌិត៖ការងង្រឹងរបៀបវារៈឆ្នាំ២០២៣ និងការលុបបំបាត់ភាពក្រីក្រក្នុងគ្រាមានវិបត្តិ”។ វេទិកានេះ ក្រោមវត្តមានលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Puala Narváez ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) និងលោក Dennis Francis ប្រធានសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៕