លោក មុំ​ អស្សនី ​បកអាក្រាតឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង និងសារព័ត៌មានញុះញង់នៅក្រៅប្រទេស

លោក មុំ អស្សនី អតីតសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលធ្លាប់រិះគន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បកអាក្រាតឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង និងសារព័ត៌មានញុះញង់នៅក្រៅប្រទេស។ លោកបានបញ្ជាក់ផ្ទាល់មាត់ថា អ្វីដែលលោកបាននិយាយក្នុងបណ្តាញសារព័ត៌មាន The Cambodia Daily Khmer និងវិទ្យុអាស៊ីសេរី សុទ្ធតែពាក្យវាយប្រហារបង្កើតរឿង តាមអ្នករៀបចំកម្មវិធីដាក់ឲ្យដូចជាលោក តាំង​សារ៉ាដា​និងលោក ជុន ចាន់បុត្រ ជាដើម។

លោកបានបន្ថែមថា រឿងមួយចំនួនទៀតដែលវាយប្រហារមកលើរាជរដ្ឋាភិបាល មកលើសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត គឺសុទ្ធតែត្រូវបានបង្គាប់បញ្ជាពីសំណាក់មេក្រុមប្រឆាំងនៅក្រៅប្រទេស។ លោកបានលើកឡើងថា៖ “អត់មានមូលដ្ឋានការពិតជាក់ស្តែងអីទេ យើងនិយាយតាមតែអ្វីដែលគេប្រាប់យើង ដើម្បីបង្កើតព្រឹត្តការណ៍ឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍, ចេតនារបស់គេមួយគឺបំផ្លាញសន្តិភាពនៅកម្ពុជា ព្រោះគេស្តាប់តាមការចង្អុលបង្ហាញរបស់ជនក្បត់ជាតិ ៣ជំនាន់ (សម រង្ស៊ី)”។

ការទម្លាយឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង និងសារព័ត៌មានញុះញង់នៅក្រៅប្រទេសរបស់លោក មុំ អស្សនី រូបនេះ ក្រោយពីលោកកទទួលស្គាល់កំហុស និងសូមទោស ចំពោះការជេរប្រមាថវាយប្រហារសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក។ លោកបានសារភាពថា មួយរយៈដែលលោករស់នៅប្រទេសនូវេលសេឡង់ បានជឿការឃោសនាញុះញង់ និងអូសទាញរបស់ទណ្ឌិត​បីជំនាន់សម រង្ស៊ី បានឱ្យលោកធ្វើជាវាគ្មិននៅវិទ្យុ The Cambodia Daily ដើម្បីនិយាយវាយប្រហារទៅលើសម្ដេចតេជោ និងបន្តុះបង្អាប់ជាតិ ហើយមានបំណងផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេច។

កាលពីថ្ងៃទី១៧ ខែមេសា សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ និងលើកលែងទោសដល់លោក មុំ អស្សនី ហើយលោក អស្សនី បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ចូលរួមបម្រើក្នុងគណបក្សប្រជាជនកម្ពុជា បម្រើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមការពារសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទ៖ អក្ខរា