សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ចំនួនទ័ពនៃស្ថាប័នបញ្ជាការដ្ឋានកងឯកភាពនានាត្រូវស្ថិតក្នុងកម្រិតសមស្រប។ សមាមាត្រនៃបរិមាណរវាងនាយទាហាន និងពលទាហាន ត្រូវឲ្យមានភាពសមស្រប ហើយជាពិសេសខិតខំលុបបំបាត់ឲ្យបានជាជំហានៗនូវស្ថានភាពចំនួនទ័ពលើសតែខ្វះនិងខ្វះតែលើស។
ក្នុងពិធីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារជ្រើសរើស តែងតាំងដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍គុណាធិបតេយ្យ ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃរបស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័នកងឯកភាព។
សម្តេចធិបតីនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ត្រូវយកការបណ្តុះបណ្តាលក្នុងស្រុកជាអាទិភាព លើកលែងតែការបណ្តុះបណ្តាលជំនាញ ឯកទេសបច្ចេកទេសជាន់ខ្ពស់ ដែលត្រូវពឹងផ្អែកលើការបណ្តុះបណ្តាលនៅក្រៅប្រទេស ដើម្បីធ្វើការបណ្តុះបណ្តាលនាយទាហានដឹកនាំបញ្ជា នាយទាហានគ្រប់គ្រង វ័យក្មេង សម្រាប់បន្តវេនដឹកនាំ គ្រប់គ្រង តាមបណ្តាស្ថាប័ន កងឯកភាព។ ការចាត់បញ្ជូនយោធិនចូលរៀនតាមគ្រឹះស្ថានសិក្សាយោធា ត្រូវគោរពតាមគោលការណ៍ នៃការជ្រើសរើស លក្ខណៈសម្បត្តិយោធិនតាមវគ្គនីមួយៗ ទៅតាមគោលការណ៍ក្រសួងការពារជាតិ។
ទន្ទឹមនឹងនេះ សម្តេចធិបតីបានណែនាំឲ្យក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាព ដោយធ្វើការបំពាក់បំប៉នគរុកោសល្យ និងការគិតគូរគោលនយោបាយឲ្យបានច្បាស់លាស់ ដូចជាការជំរុញអនុវត្តទៅតាមគោលការណ៍ដែលមានស្រាប់ អំពីប្រាក់កម្រៃម៉ោងបង្រៀន ប្រាក់សម្រាប់ការស្រាវជ្រាវ ឲ្យបានទាន់ពេលវេលា មានតម្លាភាព និងផ្តល់កិត្តិយសគិតគូរ ពីឋានន្តរសក្តិ គ្រឿងឥស្សរិយយស ប័ណ្ណសរសើរ ព្រមទាំងការគិតគូរជាអាទិភាពកសាងយោធាចារ្យថ្មីបន្តវេនដោយជ្រើសរើសពីនិស្សិតដែលរៀនបានពិន្ទុខ្ពស់ និងពីយោធិនដែលមានស្នាដៃល្អ ក្នុងការគ្រប់គ្រង កងឯកភាពមកបណ្តុះបណ្តាលជាយោធាចារ្យវិលជុំ ៕ អត្ថបទ៖ ចក្រា