អ្នកណាៗក៏ដឹងដែរថា ទណ្ឌិត សម រង្ស៊ី និងបក្ខពួកប៉ុន្មាននាក់ដែលរត់ចោលស្រុក គឺជាពពួកជនក្បត់ជាតិ ជាពពួកសត្រូវរបស់សន្តិភាព ជាសត្រូវរបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ស្រាប់តែជនក្បត់ជាតិ តាំងខ្លួនជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ប្រជាពលរដ្ឋ ចេះចូលវត្តមួយនៅអាមេរិក ហើយធ្វើបុណ្យទាន ថែមទាំងបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកជួយបីបាច់ថែរក្សាពលរដ្ឋខ្មែរទាំងអស់ឱ្យជួបតែសេចក្តីសុខគ្រប់ប្រការ។
មើលមួយភ្លែត ក្រុមទណ្ឌិតក្បត់ជាតិទាំងនេះ ធ្វើដូចស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាពលរដ្ឋណាស់ តែតាមពិត ខំសម្តែងធ្វើបុណ្យ ធ្វើទាន ធ្វើអំពើល្អនៅមុខពីប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិក ដើម្បីឱ្យគេកោត គេសរសើរថា ក្រុមជននេះ មានចិត្តសប្បុរសចំពោះប្រជាពលរដ្ឋខ្មែរ។ បើថាសម្តែងហើយ គួរសម្តែងឱ្យសមបន្តិចទៅ វត្តណាមិនទៅ ទៅវត្តរបស់លោកសង្ឃ ប៊ុត ប៊ុនតិញ ដែលប្រជាពលរដ្ឋខ្មែរជាច្រើនចាត់ទុកថា មិនស័ក្តិសមជាសង្ឃទាល់សោះ។ តើមានសង្ឃឯណាជេរប្រមាថគេឯងមិនញញើតមាត់បន្តិចសោះអ៉ីចឹង? តើមានសង្ឃឯណាចេះតែលាបពណ៌ ចេះតែញុះញង់គេបែបនេះ? លើលោកនេះប្រហែលមានតែសង្ឃ ប៊ុត ប៊ុញ តិញ ហ្នឹងទេដែលអាចធ្វើបាននោះ។
ចំពោះក្រុមក្បត់ជាតិ មិនបាច់ខំប្រឹងសម្តែងធ្វើបុណ្យ ធ្វើទានអីទេ បើចង់ឱ្យប្រទេសជាតិរីកចម្រើន បើចង់ឱ្យប្រជាពលរដ្ឋខ្មែររស់នៅបានសុខ គឺងាយស្រួលណាស់ សំងំរស់នៅឱ្យបានសុខតែខ្លួនឯងទៅ គឺចប់បាត់ទៅហើយ។ អស់លោករស់នៅបានសុខហើយ តែឆ្លៀតមកឆ្កឹះឆ្គៀលមិនប្រជាពលរដ្ឋបានសុខ តើនេះឬគេហៅថា ស្រឡាញ់ប្រជាពលរដ្ឋនោះ? ដើរអុចអាលប្រទេសផ្សេងៗឱ្យស្អប់កម្ពូជា ឱ្យដាក់ទណ្ឌកម្មមកលើកម្ពុជា តើនេះឬគេហៅថាស្រឡាញ់ជាតិ ស្នេហាជាតិនោះ? បើសិនពួកលោកឯងលែងធ្វើទង្វើទាំងអស់នេះ គឺស្មើនឹងស្រឡាញ់ប្រទេសជាតិ ស្មើនឹងស្រឡាញ់ប្រជាពលរដ្ឋហើយ។ សម្រាប់អស់លោក គឺមិនពិបាកសោះ បើចង់ឱ្យខ្មែរសុខ និងរីកចម្រើននោះ។
ថ្នាក់ដឹកនាំកំពូលៗកម្ពុជា ខិតខំណាស់ ប្រឹងប្រែងណាស់ ដើម្បីរក្សាឱ្យបានសុខសន្តិភាព រក្សាបាននូវស្ថិរភាពនយោបាយ ដើម្បីទុកឱកាសឱ្យនាវាកម្ពុជាធ្វើដំណើរទៅមុខដោយរលូន និងឈានទៅក្លាយប្រទេសជឿនលឿនដូចប្រទេសដទៃក្នុងលោក។ និយាយតាមត្រង់ទៅចុះ បើសិនជាកម្ពុជា អត់មានក្រុមលោកឯងជាប្រជាពលរដ្ឋ មិនដឹងល្អយ៉ាងណាទេ ពោល គឺកម្ពុជា នឹងធ្វើដំណើរបានលឿនណាស់ទៅភាពជឿនលឿន ភាពទំនើបស៊ីវិល័យ។ ប៉ុន្តែ ជាអកុសល ដំណើរនេះ ត្រូវបានក្រុមលោកឯងស្វះស្វែងរកគ្រប់វិធីសាស្រ្ត ដើម្បីរារាំងទៅវិញ។ បែបនេះហើយ មិនហៅថា ជាក្រុមក្បត់ជាតិ ទើបជារឿងចម្លែក!៕
ដោយ៖ ជម្ពូនុទ