សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសស្វាគមន៍ជានិច្ចចំពោះអ្នកប្រឆាំងទាំងឡាយណាដែលភ្ញាក់រលឹក និងបោះបង់ចោលការប្រឆាំង លើកលែងតែមនុស្សម្នាក់គត់ ដែលសម្តេចមិនស្វាគមន៍ និងមិនលើកលែងអស់មួយជីវិត គឺទណ្ឌិត សម រង្ស៊ី ដែលសម្តេចហៅថា ជាជនក្បត់ជាតិ ៣ជំនាន់។ នេះបើតាមសារសំឡេងរបស់សម្តេចតេជោ តបទៅកាន់លោក មុំ អសនី ដែលកំពុងរត់ភាសខ្លួននៅប្រទេសថៃ។
ក្នុងសារសំឡេងតាមបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេច និងលោក មុំ អសនី មិនដែលមានបញ្ហាអ្វីនោះទេ តែពេលលោកចេញទៅក្រៅប្រទេស បែរជាវាយប្រហារសម្តេចទៅវិញ។ សម្តេចបានបញ្ជាក់ថា ការវាយប្រហារនេះ គ្មានអ្វីក្រៅពីការបំពុលដោយក្រុមរត់ចោលគុកនោះទេ ដែលត្រង់ចំណុចនេះសម្តេចយល់ ហើយសម្តេចក៏មិនប្រកាន់ខឹងលោក អសនី នោះដែរ។ សម្តេចបានបន្តថា នេះជាប្រទេសខ្លួន ដូច្នេះ លោក មុំ អសនី អាចមកស្រុកវិញពេលណាក៏បាន ហើយសម្តេចស្វាគមន៍ការចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា៕
អត្ថបទ៖ អក្ខរា