យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល០២ថ្ងៃ គឺថ្ងៃទី១៣ និងថ្ងៃទី១៤ មេសា នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ចំនួន៤៦៣,៥៤០ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ៧,៨០៧ នាក់ និងភ្ញៀវទេសចរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤៥៨,០០០ នាក់។
របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំនួនខាងលើនេះ នៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត មានភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៤១៧,៨១៩ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៤,៣៥៤ នាក់ រីឯភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤១៥,០០០ នាក់។
សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា និងកម្មវិធីកម្សាន្តជាច្រើនផងដែរ៕