នៅក្នុងបណ្តាញសង្គមនាព្រឹកសុក្រទី១២ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជធានី-ខេត្ត ទាំង២៥ បានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបំពេញការងារក្នុងរាជធានីភ្នំពេញ ដែលមានបំណង ធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសឆ្នាំថ្មីនេះ សម្តេចធិបតីណែនាំឲ្យប្រើប្រាស់មធ្យោបាយរថយន្តក្រុង ដែលសាលារាជធានីភ្នំពេញ បានរៀបចំនៅតាមគោលដៅទាំង៨ ចំនួន៤៥៥គ្រឿងដែលកំពុងដឹកជញ្ជូនទៅតាមបណ្តាខេត្តនានារយៈពេល ៦ថ្ងៃ។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីបានណែនាំឲ្យគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា។
ដើម្បីឲ្យការរៀបចំកម្មវិធីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការ កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចតាមបណ្តារាជធានីខេត្តបានរៀបចំរួចរាល់នៅតាមគោលដៅហើយ។