អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បានសម្រេចប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យពិនិត្យឡើងវិញចំពោះការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀនជិត៨០០គីឡូក្រាម ក្រោយដោះលែងជនជាតិចិនតៃវ៉ាន់ ចំនួន៥នាក់។
យោងតាមដីកាបញ្ជូនចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជាក់ថា អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានប្ដឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌលេខ ៣២០(ង) ក្រ៨ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ។
តាមផ្លូវច្បាប់ អគ្គព្រះរាជសាលាឧទ្ធរណ៍ មានរយៈពេល៣ខែ ដើម្បីប្ដឹងជំទាស់រាល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រសិនបើយល់ឃើញថា ការសម្រេចនេះមានចំណុចដែលគួរឲ្យសង្ស័យ ឬមិនមានភាពមិនប្រក្រតីណាមួយកើតឡើង។
សូមជំរាបថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សាលាដំបូរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ ចំនួន២នាក់ ដោយដាក់ពន្ធនាគារម្នាក់២០ឆ្នាំ ករណីជួញដូរគ្រឿងញៀនជិត៨០០គីឡូក្រាម ខណៈជនជាតិចិនតៃវ៉ាន់៥នាក់ទៀត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្រោយជាប់ពន្ធនាគារមួយរយៈ ក្រោមហេតុផលថាមិនពាក់ព័ន្ធជាមួយបទល្មើសនេះឡើយ។
ជនជាប់ចោទ ដែលត្រូវបានផ្តន្ទាទោសចំនួន ០២នាក់គឺ ទី១៖ ឈ្មោះ AN CHI WEI ភេទប្រុស អាយុ៣២ឆ្នាំ និង ទី២៖ឈ្មោះ TUAN CHONG YUE ជាភេទប្រុស អាយុ២៥ឆ្នាំ មានភស្តុតាងគ្រប់គ្រាន់ថា បានប្រព្រឹត្តអំពើរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់ និងបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗកំណត់ ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០,០០០,០០០រៀល៕